រយៈពេល​៧​ខែ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ កើនឡើង​៣៧%


ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​៧​ខែ ឆ្នាំ​២០២១​ចុងក្រោយ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក មាន​ចំនួន​សរុប​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ កើន​ឡើងជា ៣៧​ភាគរយ ប្រើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​លោក ផាក​ទ្រី​ក ម៉ូ​ផាយ (W. Patrick Murphy) អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរ​ដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​ទ្វេរ​ភាគី និង​ជំរុញ​កិច្ច​សហ​ប្រិប​ត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

ក្រោយ​បញ្ចប់​កិច្ច​ជំនួប​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ជា​កិច្ច​ចាប់ផ្ដើម​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ភ្ញៀវ និង​ធ្វើការ​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កម្ពុជា និង​អរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អាម៉េរិក ចំពោះ​ការផ្តល់ជូន​វ៉ាក់សាំង Johnson & Johnson ចំនួន​ជាង ១​លាន​ដូ​ស តាមរយៈ COVAX មក​កម្ពុជា​។
​លោក​ក៏បាន​លើកឡើង​អំពី​ការរីកចម្រើន​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​ការ​ប្រឈម​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​របៀបរបប​រស់​នៅ​របស់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅតែមាន​ការកើនឡើង​កាលពី​ឆ្នាំ​កន្លងទៅ ដែល​សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​ធំ​របស់​កម្ពុជា​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​រំលឹក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចការពារ​កម្មសិទ្ធិបញ្ញា ដែល​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩៦​កន្លងទៅ ដែល​បាន​ជំរុញ​ឱ្យ​វិស័យ​កម្មសិទ្ធិបញ្ញា​មានការ​រីកចម្រើន​ច្រើន​។ លោក​បាន​ជម្រាបជូន​ទៀតថា កម្ពុជា​បាននិងកំពុង​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​កម្ម​សិទ្ធ​បញ្ញា​ពិភពលោក (WIPO) ក្នុងការ​សិក្សា​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​សំខាន់ៗ​ជាច្រើន​ទៀត និង​លើកកម្ពស់​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​ទ្បើង ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​។ ក្នុងឱកាស​
​នោះ លោក​បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​យុទ្ធនា​ការចាក់​វាក់​សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​និង​ជនបរទេស​គ្រប់រូប ដែលជា​កត្តា​សំខាន់​សម្រាប់​ការស្តារ​ទ្បើង​វិញ​នូវ​សេដ្ឋកិច្ចសង្គម រួមជាមួយ​ការខិតខំ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​វិនិយោគ​និង​ធុរកិច្ច​នៅ​កម្ពុជា​។

ឆ្លៀត​ក្នុងឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍​នូវ​ការដាក់​ដំណើរ​រោងចក្រ​ដំ​ទ្បើង​រថយន្ត Ford នៅ​ខេត្តពោធិសាត់ ដែល​អាច​ផ្តល់ឱកាស​ជូន​ប្រជាជន​កម្ពុជា និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម និង​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការបើក​ការិយាល័យ​របស់​ក្រសួងកសិកម្ម​អាម៉េរិក (USDA)​ប្រចាំ​កម្ពុជា ដែល​អាច​លើកកម្ពស់​ផលិតភាព​វិស័យ​កសិកម្ម​កម្ពុជា ហើយ​តាមរយៈ​នេះ​អាច​បង្កើន​កិច្ច​សហប្រតិបត្តិ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ដ្រី និង​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សាគ្នា អំពី​ការងារ​អាទិភាព​ក្នុងការ​ត្រៀមខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​បញ្ជាក់​ជាថ្មី​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​។ លោក​ទូត បាន​សន្យា​នឹង​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩ និង​សម្តែង​ការគាំទ្រ​ដល់​កម្ពុជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៕​