អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត៣០គ្រួសារ នៅសង្កាត់ព្រែកឯង


នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ចាស់ជរា ១០គ្រួសារ ជនពិការ ៥គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍ ៥គ្រួសារ សរុប៣០គ្រួសារ នៅសង្កាត់ព្រែកឯង។

នាឱកាសនោះលោក ចេង មុនីរ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

លោកប្រធានកិត្តិយសអនុសាខា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

អំណោយមនុស្សធម៌ ដែលលោកអភិបាលខណ្ឌ ផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ម៉ាស់២០ និងថវិកាចំនួន២ម៉ឺនរៀល៕