លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី ៤​នៅស្រុកលើកដែក ខេត្តកណ្តាល


នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក លោកជំទាវ ឃួន សុដារី ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី ៤ វត្តមានចូលរួម ៦៥ នាក់ ស្រី ២៤ នាក់។ ក្នុងកិច្ចប្រជុំនេះ លោកជំទាវ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរ របស់សម្តេចតេជោ ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំគណៈពង្រឹងស្រុក គណបក្សស្រុក សកម្មជនបក្ស និងសមាជិកបក្សទូទាំងស្រុកលើកដែក។ សម្តេចតេជោ ប្រធានគណបក្ស បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃការបោះឆ្នោតឃុំ ឆ្នាំ ២០១៧ ដែលកើតចេញពីឆន្ទៈពិតៗរបស់ប្រជាជន។

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ថ្លែងការកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំ គណៈពង្រឹងស្រុក គណបក្សស្រុក ឃុំ សកម្មជនយុវជន ស្ត្រី និងសមាជិកបក្សទូទាំងស្រុក ដែលបានខិតខំរួមគ្នាជួយឲ្យបក្សឈ្នះឆ្នោតដ៏ធំធេង។ សម្រាប់ការបោះឆ្នោតឃុំ ឆ្នាំ ២០១៧ នេះ សម្លេងគាំទ្ររបស់ CPP ស្រុកលើកដែក បានកើនឡើងខ្ពស់ជាងឆ្នាំ ២០១៣ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០១៨។ ឆ្នាំ ២០១៧ នេះ គណបក្សប្រឆាំង បានជួបបរាជ័យក្នុងផែនការដណ្តើមយកសម្លេងភាគច្រើន នៅ ព្រឹទ្ធសភា ដើម្បីបង្កការលំបាកដល់បក្សកាន់អំណាច។ លោកជំទាវ បានណែនាំឲ្យថ្នាក់ដឹកនាំ និងសមាជិក គណបក្សទាំងមូល បន្តពូនផ្តុំកម្លាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីរួមគ្នាជួយឲ្យគណបក្សឈ្នះឆ្នោតនៅពេលខាងមុខបន្តទៀត សម្រាប់ការរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្រាប់ទិសដៅខាងមុខ លោកជំទាវ សំណូមពរដល់ ថ្នាក់ដឹកនាំគណៈពង្រឹងស្រុក គណបក្សស្រុក ឃុំ និងសកម្មជនបក្ស បន្តខិតខំបំពេញតួនាទីភារកិច្ច បម្រើផលប្រយោជន៍របស់ប្រជាជន ដើម្បីទទួលបានការស្រឡាញ់ពេញចិត្ត ការគាំទ្រពីប្រជាជនមកលើគណបក្សយើង។

* លទ្ធផលបោះឆ្នោតឃុំ ២០១៧ ស្រុកលើកដែក CPP ទទួលបាន ១៦,១១២ សម្លេង ស្មើ ៥២.៩០%  CNRP ទទួលបាន ១៣,៧៦០ សម្លេង ស្មើ ៤៤.១៩%។