កម្ពុជា-ស៊ែប៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ


រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋស៊ែប៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត និងឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

ការព្រមព្រៀងរវាងកម្ពុជា-ស៊ែប៊ី បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីវាង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅទីស្តីការក្រសួងការបរទេសស៊ែប៊ី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្ស សម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋ ស៊ែប៊ី។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អ៊ុច បូររិទ្ធ និងលោក នីកូឡា សេឡាកូវិច បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិគ្នាដោយផ្តោតសំខាន់លើចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើប្រកបដោយផ្លែផ្ការរវាងប្រទេសទាំងពីរពូនជ្រុំដោយអតីតអ្នកដឹកនាំដ៏ឆ្នើមប្រទេសទាំងពីរតាំងពីឆ្នា ១៩៥៧ និងគូសបញ្ជាក់ពីកាប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។ ល។ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

នៅក្នុងស្មារតីនេះ លោករដ្ឋមន្ត្រីការបរទេស ស៊ែប៊ី បានបញ្ជាក់ថា រដ្ឋាភិបាលស៊ែប៊ី បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើទស្សនៈកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស៊ែប៊ី-កម្ពុជា កាន់តែទូលំទូលាយស៊ីជំរៅថែមទៀត។ ទន្ទឹមនេះ លោក នីកូឡា សេឡាកូវិច បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលស៊ែប៊ីកំពុងពិចារណាបើកស្ថានបេសកកម្មរបស់ខ្លួននៅ តំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅក្នុងបំណាច់ឆ្នាំនេះរដ្ឋាភិបាលស៊ែប៊ី និងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាអំពីបញ្ហានេះ។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ រវាងប្រទេសទាំងពីរ ភាគីស៊ែប៊ីបានអះអាងថា សភាស៊ែប៊ីនឹងផ្តល់សន្យាប័នក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕