ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ណែនាំមន្ត្រីក្រោមឱវាទត្រូវស្វែងរកធាតុចូលសំខាន់ៗ សម្រាប់វិភាគ និងពិនិត្យឱ្យបានល្អិតល្អន់ ដើម្បីបន្តស្វែងរកចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញបន្ថែម


(កែប)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវពិភាក្សាគ្នាឱ្យបានផុលផុស និងស្វែងរកធាតុចូលសំខាន់ៗ សម្រាប់រួមគ្នាវិភាគ ពិនិត្យឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីបន្តស្វែងរកចំណុចខ្លាំង ចំណុចដែលត្រូវបំពេញបន្ថែម ក្នុងគោលដៅ ដេីម្បីពន្លឿនការអនុវត្តការងារតាមជំនាញនីមួយៗ ក្នុងវិស័យមីន និងស្វែងរកថវិកាជំនួយបន្ថែមទៅតាមប្រភេទ សកម្មភាព និងលទ្ធភាពរបស់ប្រទេសម្ចាស់ជំនួយជាពិសេសត្រូវបន្តបង្កើនប្រសិទ្ធភាពនៃផែនការសកម្មភាព ដើម្បីកំណត់ទិសដៅ និងតម្រូវការ ជាក់លាក់សម្រាប់ពង្រឹងប្រសិទ្ធិភាពការងាររបស់អាជ្ញាធរមីន។

ការណែនាំបែបនេះ របស់ឯកឧត្តមទេសរដ្ឋមន្ត្តី លី ធុជ បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវិភាគចំណុចខ្លាំង ចំណុចត្រូវបំពេញបន្ថែម និងរៀបចំផែនការស្វែងរកការគាំទ្រថវិកាជំនួយនានា ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងអង្គការ NPA ប្រចាំនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅខេត្តកែប ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

នាឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលេីកឡេីងនូវក្រមសីលធម៌មួយចំនួន ក្នុងការអនុវត្តការងារនៅស្ថាប័នអាជ្ញាធរមីន រួមមានការសហការគ្នាទៅវិញទៅមក ការស្តាប់មតិយោបល់គ្នាទៅវិញទៅមក ការបើកចិត្តទូលាយ គ្មានការវាយប្រហារលក្ខណៈបុគ្គលការប្រកាន់ខ្ជាប់ការពិត/គោលដៅ ជៀសវាងនូវគោលបំណងលាក់បាំង និងភាពស្មោះត្រង់ជាដើម។

«ទ្រព្យសម្បត្តិដ៏ល្អបំផុតរបស់យើង គឺស្ថិតនៅក្នុងខ្លួនយើង និងស្ថាប័នរបស់យើង ពីព្រោះយើងជាអ្នកបង្កើតស្ថាប័ន និងកសាង នូវកេរ្តិ៍ឈ្មោះឱ្យស្ថាប័ន ហេីយគុណតម្លៃ និងសុជីវធម៌របស់ យើងក៏ឆ្លុះបញ្ចាំងពីប្រវត្តិនៃស្ថាប័នដែរ»។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទី ភារកិច្ច និងអាណត្តិការងាររបស់អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាស្ថាប័ន និយតករក្នុងការដឹកនាំគ្រប់គ្រង និងត្រួតពិនិត្យវិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានលេីកឡេីងនូវភាពខ្លាំងរបស់អាជ្ញាធរមីនរួមមាន៖

*ទី១៖ ជាស្ថាប័នអាជ្ញាធរជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន
*ទី២៖ មានអាណត្តិការងារខ្លាំង រចនាសម្ព័ន្ធច្បាស់លាស់ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)
*ទី៣៖ មានផែនការថវិកា និងមានសមត្ថភាពបច្ចេកទេស
*ទី៤៖ មានសិទ្ធិសម្របសម្រួលក្នុងវិស័យទាំងថ្នាក់ជាតិ និងអន្តរជាតិ
*ទី៥៖ មានផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥
*និងទី៦៖ មានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីនទាំងអស់ត្រូវយល់ពីគោលបំណងជាយុទ្ធសាស្រ្ត គោលនយោបាយ នីតិវិធី និងការភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមការងារ, ធានាថាគោលដៅ គុណភាព ពេលវេលា និងថវិកាត្រូវបានឆ្លើយតបតាមសេចក្តីត្រូវការតាមការចាំបាច់, ដោះស្រាយបញ្ហាដោយលក្ខណៈបត់បែន កំណត់បញ្ហាជាយុទ្ធសាស្រ្តពីបញ្ហាដោយលក្ខណៈបត់បែន និងភ្ជាប់ទំនាក់ទំនងជាមួយការគ្រប់គ្រង, រក្សាការយល់ដឹងពីអាណត្តិតួនាទីការងារ និងបរិយាកាសនៅជុំវិញខ្លួន, រៀបចំគោលដៅ និងគោលនយោបាយ, រក្សាស្ថាប័នឱ្យមានភាពសុខុដុមរមនា និងជោគជ័យរបស់ស្ថាប័ន ព្រមទាំងដោះស្រាយបញ្ហាជាយុទ្ធសាស្រ្ត៕