រដ្ឋសភា ចុះអនុស្សារណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នាលើ ៤ចំណុច


(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានចក្ខុវិស័អាស៊ី (AVI) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងវិស័យ សិក្សាស្រាវជ្រាវ ការរៀបចំសិក្ខាសាលារួម ការផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ រួមទាំងការពិគ្រោះយោបល់អំពីកិច្ចការជាតិ និងអន្តរជាតិ។

ពិធីចុះអនុស្សារណៈយោគយល់គ្នា បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងមានការចូលរួមពីឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា ឯកឧត្តម សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី រួមទាំងសមាជិកសមាជិកាមួយចំនួនទៀត នៅរដ្ឋសភាជាតិកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីនេះនឹងនាំមកនូវផលប្រយោជន៍ ជាច្រើន ដល់ប្រទេសជាតិ និងប្រជាជន និងជាសក្ខីភាពនៃទំនុកចិត្តរបស់រដ្ឋសភាជាតិ លើតួនាទីដ៏សំខាន់របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការចូលរួមចំណែកដល់ការ សម្រេចឲ្យបាននូវបេសកកម្មចំបង ដែលរដ្ឋសភាបាននិងកំពុងបំពេញ។

ជាមួយគ្នានេះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានរំលឹកឡើងវិញ នូវការចូលរួមចំណែកយ៉ាងសកម្មជាច្រើនរបស់ក្រុមការងារ AVI នាពេលកន្លងមក ដើម្បីជួយដល់កិច្ចការងារសំខាន់ៗរបស់រដ្ឋសភាជាតិនៅលើឆាកអន្តរជាតិ ដែលមានដូចជា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) កិច្ចប្រជុំកំពូលសភាអាស៊ីអឺរ៉ុបលើកទី១១ (ASEP១១) សន្និសីទនៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) ផងដែរ។

ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា អនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលអាចជួយជំរុញឱ្យរដ្ឋសភាជាតិ បង្កើនគុណភាពការងារ របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពទាំងក្នុងការងារជាតិ និងអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ វិទ្យាស្ថានចក្ខុវិស័យ អាស៊ី នឹងចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យការទូតសភា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ដ៏ជឿនលឿននេះ។

ឯកឧត្តម សុក ស៊ីផាន់ណា បានលើកឡើងដែរថា ត្បិតតែ AVI មានអាយុក្មេងខ្ចីក៏ដោយក្តី ស្ថាប័ននេះបានបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងឆាប់រហ័សទាំងក្នុង និងក្រៅ ប្រទេស។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ រដ្ឋសភា ដែលបានផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់មកលើ AVI និងបានកោតសរសើរ ដល់សហការី របស់ AVI នូវកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពស្មោះត្រង់ និងស្មារតីបម្រើជាតិ នាពេលកន្លងមកផងដែរ៕