ឯកឧត្តម ជាវ តាយ ត្រូវបានគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចផ្ទេរតំណែង ជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានតួនាទីថ្មី ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់នោះរួចមក, ឯកឧត្តម ជាវ តាយ ត្រូវបានគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចផ្ទេរតំណែង ជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានផ្ទេរទៅទទួលមុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត។

ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងសមាជិក សមាជិកាជាច្រើនរូបទៀតសរុប ចំនួន ១៦៣ នាក់ដោយរៀបចំអង្គុយរក្សាគម្លាតពាក់ម៉ាស់ បាញ់អាល់កុល តាមវិធានការរបស់ក្រសួងសុខាភិបាល ។

របៀបវារៈ នៅក្នុងពិធីនោះរួមមាន៖

១៖ អានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល

២៖ របាយការណ៍ស្វាគមន៍របស់ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្តចាស់

៣៖ ពិធីប្រគល់សេចក្តីសម្រេច និងប្រគល់ត្រា

៤៖ ពិធីប្រគល់ និងទទួលលើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុគណបក្ស

៥៖ ចំណាប់អារម្មណ៍របស់ ប្រធានគណៈកម្មាធិការគណបក្សខេត្តថ្មី និងមតិសំណេះសំណាលរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។

អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។

សម្តេចបានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។ ទាក់ទងនឹងការងារបោះឆ្នោតសម្តេចក៏បានផ្តាំផ្ញើឱ្យជម្រុញសមាជិក សមាជិការបស់បក្ស ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ ចុងក្រោយសម្តេចសុំឲ្យក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលចុះជួយឃុំសង្កាត់ជួយឃុំ សង្កាត់ឲ្យចេះធ្វើកម្មវិធីនយោបាយបក្ស រដ្ឋ ពង្រឹងពង្រីកសមាជិកគណបក្ស ជួយរាល់បញ្ហាដែលទាក់ទងនឹងការបោះឆ្នោត ចញ្ចឹមចលនា តាំងស្មារតី និងសម្ភារ កុំមើលស្រាលចំពោះគណបក្សប្រឆាំងថាគ្មានធ្វើសកម្មភាព ត្រូវវាយបកភ្លាមជាបន្ទាន់ ពីឧបាយកលរបស់ពួកបក្សប្រឆាំង ។ រក្សាប្រៀបឈ្នះឲ្យបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ តំណាងរាស្ត្រឆ្នាំ ២០២៣ ដែលនោះត្រូវពឹងផ្អែកលើបរិមាណ និងគុណភាពសមាជិកគណបក្សប្រជាជន និងអំពើល្អរបស់មន្ត្រីគណបក្សទើបទទួលបានជ័យជំនះហើយប្រែក្លាយពាក្យស្លោករបស់បក្សឲ្យទៅជាការពិត ដែលបានលើកឡើងគ្រប់មហាសន្និបាតបក្ស ៕ នៅចុងបញ្ចប់សម្តេចបានជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សខេត្ត ដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត ។