អ្នកគ្រូ នាង ផល្លា ទទួលគ្រឿងឥស្សរិយយសព្រះចៅណាប៉ូឡេអុង


Teach Phala 18 02 16 2 copy

    អ្នក​គ្រូ​បង្រៀន​កុមារ​គ​ថ្លង់​កម្ពុជាម្នាក់​ ឈ្មោះ នាង ផល្លា ដែល​ទទួល​បាន​ពាន​រង្វាន់​គ្រូ​ឆ្នើម​ពិភព​លោក ពេល​នេះ​ទទួល​បាន​គ្រឿង​ឥស្សរិយ​យស​អប់រំ​​មួយ​បន្ថែម​ទៀត ពី​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ ប្រចាំនៅ​កម្ពុជា ។ ​ពិធី​នេះ​ បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​មាន​ព្រះ​រាជ​វត្តមាន ​ព្រះ​មហា​ក្សត្រ​ សម្តេច​ព្រះ​ បរម​នាថ​ នរោត្តម​ សីហ​មុនី​ ផង​ដែរ ​។

     មេ​ដាយ​អប់រំ​ គឺ​ជា​គ្រឿង​ឥស្សរិយ​យស​ដ៏​ចំណាស់​មួយ​ របស់​សាធារណរដ្ឋ​បារាំង ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៨០៨​ ដោយ​ព្រះ​ចៅ​ណា​ប៉ូ​ឡេ​អុង​ទី​១ ដើម្បី​ផ្តល់​ជូន​សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​អ្នក​គ្រូ ​។ ​អ្នក​គ្រូ​បង្រៀន នាង  ផល្លា គឺ​ជា​គ្រូ​បង្រៀន​នៅ​សាលា​អង្គ​ការ​គ្រួសារ​ថ្មី និង​អ្នក​គ្រូ​បាន​ជាប់​បេក្ខ​ភាព​ជា​គ្រូ​ឆ្នើម​ពិភព​លោក ក្នុង​​ចំណោម​គ្រូ​ឆ្នើម​ចំនួន ​១០​រូប ​ចុង​ក្រោយ​នៃ​កម្ម​វិធី Global Teacher Prize កាល​ពី​ឆ្នាំ​ ២០១៥ ​។

     ពិធី​បំពាក់​គ្រឿង​ឥស្សរិយ​យស​ថ្នាក់​អស្ស​ឫទ្ធិ ​ជូន​ អ្នក​គ្រូ​ នាង ផល្លា បាន​ធ្វើ​នៅ​ព្រឹក​មិញ​នេះ ដោយ​មាន វត្ត​មាន​ចូល​រួម​ពី​នាយក​រដ្ឋ​មន្ត្រី​ស្តី​ទី​ សម្តេច​ក្រឡា​ហោម​ ស​ ខេង ផង​ដែរ ក្នុង​ឱកាស​ដែល​អង្គការ​គ្រួសារ​ថ្មី បាន​ប្រារព្ធ​ខួប​លើក​ទី​២៥ ​ឆ្នាំ​របស់​ខ្លួន​ ។

     លោក​ស្រី នាង ផល្លា បាន​ក្លាយ​ជា​គ្រូ ​ក្រោម​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ​សហ​ប្រជា​ជាតិ ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ និង​ធ្លាប់​បាន​ដឹក​នាំ​សាលា​កុមារ​ពិការ​ភ្នែក ​ក្នុង​ជំរុំ​នោះ​ផង​ដែរ ​។ លោក​ស្រី បាន​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​នៅ​ឆ្នាំ​ ១៩៩១​ ពេល​ដែល​មាន​ការ​ធ្វើ​សមាហរណ​កម្ម​មនុស្ស​ពី​ជំរុំ​នា​ជំនាន់​នោះ​ ។ លោក​ស្រី​បាន​ទាក់​ទង​ជាមួយ​អង្គការ​គ្រួសារ​ថ្មី ដើម្បី​ការ​ជួយ​បង្ហាត់​បង្រៀន​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់ និង​ធ្វើ​ការ​អភិវឌ្ឍ​កម្ម​វិធី​បណ្តុះ​បណ្តាល​ពិសេស​មួយ​ សម្រាប់​កុមារ​ទាំង​នេះ​ ។ កិច្ច​សហ​ប្រតិបត្តិ​ការ​នោះ​ហើយ បាន​នាំ​ឱ្យ​មាន​ការ​បង្កើត​សាលា​សម្រាប់​កុមារ​ពិការ​ភ្នែក ​និង​គ​ថ្លង់​លើក​ដំបូង​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ​១៩៩៣​ ។ លោក​ស្រី​ក៏​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​អក្សរ Braille សម្រាប់​កុមារ​ពិការ​ភ្នែក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​បាន​រួម​ចំណែក​បង្កើត​អក្សរ​ Braille ជា​ភាសា​ខ្មែរ​ផង​ដែរ​ ។

Teach Phala 18 02 16 1 copy