ក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ


នៅចំពោះមុខស្ថានភាពទឹកជំនន់ដែលកំពុងគំរាមកំហែងដល់ភូមិឋាន ស្រែ ចម្ការ របស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានបន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ដោយបានទទួលរបាយការណ៍ជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន។ ដោយក្តីខ្វាយខ្វល់ចំពោះសុខទុក្ខ និងសុវត្ថិភាពបងប្អូនដែលងាយរងគ្រោះ នៅរសៀលថ្ងៃទី២៦ ខែតុលា នេះ ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃកម្ពស់ទឹក និងការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ព្រមទាំងបាន នាំយកនូវសំភារៈ ស្បៀងអាហារ មួយចំនួនរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៅប្រគល់ជូនរដ្ឋបាលក្រុងច្បារមន ស្រុកភ្នំស្រួច និងស្រុកគងពិសី ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងផងដែរ។ អំណោយជាសំភារៈរួមមាន អង្ករ មីជាតិ ទឹកបរិសុទ្ធ និងត្រីខកំប៉ុង។ ឆ្លៀតក្នុងឱកាស នោះ ឯកឧត្តម សំ រិទ្ធី បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធដែល បានសស្រាក់សស្រាំ ក្នុងការជួយសង្រ្គោះ និងបញ្ចៀសហានិភ័យនានាដែលបណ្តាលមកពីគ្រោះទឹកជំនន់នេះ។ ថ្វីត្បិតតែ តាមការកត់សម្គាល់ កម្រិតជន់លិចមានភាពតិចតួច និងរយៈពេលឆាប់ជាងកាលពីឆ្នាំ២០២០ ក៏យើងមិនត្រូវមានការធ្វេសប្រហែសផងដែរ។ ឯកឧត្តម សំ រិទ្ធី ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះសមាជិកក្រុមគ្រួសារ ជាពិសេសកុមារតូចៗដែលងាយរងគ្រោះ ដូចជាការលង់ទឹក ឬសត្វអសិរពិសចឹក ឬខាំជាដើម។