ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ជួបទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ ស្វែងរកកិច្ចសហប្រតិបត្តិការទេសចរណ៍


(ថៃ)៖ ឯកឧត្តមមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបឯកឧត្តម Yuthasak Supasorn ទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ ដើម្បីជជែកស្វែងរកកិច្ចសហប្រតិការ និងការតភ្ជាប់ទេសចរណ៍រវាងកម្ពុជា និងថៃ។

នៅក្នុងជំនួបនោះ ក៏មានការចូលរួមពីឯកឧត្តម Thanet Petchsuwan អភិបាលរងទទួលបន្ទុកទីផ្សារអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង, លោកជំទាវ ស៊ូគានី ស៊ីរីកានចាន់ណាគុល នាយិកាតំបន់អាស៊ាន អាស៊ីខាងត្បូង និងប៉ាស៊ីហ្វិកខាងត្បូង, ឯកឧត្តម Akarawit Thepasit នាយកខុទ្ទកាល័យនៃទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ, សាស្ត្រាចារ្យបណ្ឌិត សាំងស៊ីត ភីរីយ៉ារ៉ាងសាន សមាជិកព្រឹទ្ធសភាថៃ និង លោក ផុនផន ផាថុង ប្រធានក្លឹបច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយទេសចរណ៍ថៃផងដែរ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានឆ្លៀតជម្រាបជូនឯកឧត្តមទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ អំពីភាពជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វធ្វើឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមបណ្ឌិត ក៏បានជម្រាបពីភាពជោគជ័យរបស់កម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លទ្ធផលដ៏ប្រសើរនេះ ធ្វើឱ្យកម្ពុជាចាប់ផ្តើមទទួលអ្នកទេសចរណ៍វ៉ាក់សាំង និងការត្រៀមបើកសកម្មភាពធ្វើអាជីវកម្ម និងសកម្មភាពសង្គមឱ្យកាន់តែទូលាយឡើងវិញ។

ក្នុងជំនួបនេះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបជូនទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ អំពីដំណើរទស្សនកិច្ច ទៅកាន់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក និងបានបង្ហាញអំពីទស្សនវិស័យរបស់លោក ក្នុងការជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា ខេត្តត្រាត ខេត្តចាន់ថាបុរី ខេត្តស្រះកែវ ខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេតជាដើម។

ឯកឧត្តម សុខ សុក្រឹត្យា ក៏បានលើកឡើងដែរថា ការតភ្ជាប់តាមផ្លូវគោក ផ្លូវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប និងផ្លូវទឹក ដែលអាចធ្វើដំណើរពីហួហ៊ីន ប៉ាតាយ៉ា កោះឆាង មកកម្ពុជាឆ្លងកាត់ខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុជាដើម នឹងជាការរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា និងភាគីថៃ បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងចែករំលែកនូវវិធីសាស្រ្តសំខាន់ៗក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ លើ៥ចំណុចមកពិភាក្សាផងដែរ។ បញ្ហាដែលបានលើកមកជជែកនោះរួមមាន៖
១៖ ការសិក្សាលម្អិតអំពីគម្រោង Sandbox របស់ប្រទេសថៃ
២៖ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការធ្វើទិដ្ឋាការទេសចរណ៍សម្រាប់ប្រទេសកម្ពុជា-ថៃ
៣៖ សិក្សាពីអត្ថប្រយោជន៍ប្រព័ន្ធ Blockchain (Cryptocurrency) ដើម្បីប្រេីប្រាស់ក្នុងឧស្សាហកម្មទេសចរណ៍នៅកម្ពុជា-ថៃ
៤៖ សិក្សាបង្កេីតស៊ីមកាតទេសចរណ៍តែមួយ អាចប្រើប្រាស់បានទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃ
៥៖ ការសិក្សាអំពីលទ្ធភាពបើកវិស័យទេសចរណ៍ឡើងវិញតាមរយៈយន្តការ Travel Bubble ដោយប្រេីប្រាស់ទិដ្ឋាការតែមួយ ទេសចរណ៍ពីរប្រទេស។

ឯកឧត្តមទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ ក៏បានបង្ហាញចក្ខុវិស័យក្នុងការជំរុញវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន និងការប្រើប្រាស់សេវាកម្មប្រកបដោយភាពច្នៃប្រឌិតតាមរយៈ Blockchain (Cryptocurrency) នៅក្នុងឧស្សាហកម្មទេសចរណ៍។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណលោកទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការចែករំលែកបទពិសោធន៍ ក៏ដូចជាទស្សនវិស័យល្អៗសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញអាជ្ញាធរទេសចរណ៍ថៃចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមប្រធានបទ «អាស៊ាន-សហគមន៍នៃសន្តិភាព និងវាសនាតែមួយ» ដើម្បីរួមគ្នារកគន្លឹះក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ នៅតំបន់ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។

ជាការឆ្លើយតប ភាគីថៃ បានជម្រាបជូនថា អាជ្ញាធរទេសចរណ៍ថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាគីថៃ ក៏បានសម្តែងការកោតសរសើរពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា និងអបអរសាទរកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ ព្រមទាំងសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាក្នុងការលើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឆ្ពោះទៅអនាគតដ៏យូរអង្វែងជាមួយគ្នា៕