សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រាបបង្គំទូលថ្វាយ សារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លា ព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រាបបង្គំតាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ សូមសម្តែងព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបអភិវន្ទសម្តែងនូវអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សយ៉ាងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។

អស់រយៈពេល ១៧ ព្រះវស្សាកន្លងមកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងថ្វាយនូវព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ ទូលព្រះបង្គំសូមសម្តែងនូវកតញ្ញុតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាបំផុត នៃព្រះបរមរាជសម្បត្តិ ប្រកបដោយតេជៈបារមីឫទ្ធីចេស្តារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានជួយអភិបាល និងប្រោសប្រទាននូវសុខសន្តិភាពពេញបរិបូរណ៍ ព្រមទាំងធ្វើឲ្យប្រជារាស្ត្រគ្រប់ទិសទីស្ញប់ស្ញែងចំពោះព្រះរាជតួនាទីដ៏ពិសិដ្ឋរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាព្រះប្រមុខរដ្ឋនៃនិរន្តរភាពជាតិ និងជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌ ដែលតែងតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំ។

ក្នុងទិវាប្រកបដោយសិរីមង្គលដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រសូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខដុមសម្រាប់ប្រជារាស្ត្រខ្មែរតរៀងទៅ៕