ឯកឧត្តម ហ៊ុន ម៉ានី ណែនាំឲ្យក្រុមការងារបន្តឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកំពុងរងគ្រោះដោយទឹកជំនន់


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំឲ្យក្រុមការងារបន្តធ្វើអ្វីៗទាំងអស់ ដែលអាចធ្វើបាន ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកំពុងរងគ្រោះដោយទឹកជំនន់។

ដោយបង្ហោះរូបភាពរបស់ឯកឧត្តម ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយស្ថានភាពទឹកជំនន់មិនទាន់ថមថយ ខ្ញុំនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំឲ្យក្រុមការងារបន្តធ្វើអ្វីៗទាំងអស់ ដែលអាចធ្វើបាន ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើង។ ខ្ញុំសូមជូនពរលោតា លោកយាយ ពូមីង បងប្អូន និងកូនក្មួយ ឲ្យបានឆ្លងផុតនូវគ្រាលំបាកនេះឆាប់ៗ»

ការណែនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមូលដ្ឋានមួយចំនួន នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ បានរងការលិចលង់ ដែលបណ្តាលមកពីទឹកជំនន់ស្ទឹងព្រែកត្នោត។

នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌដង្កោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ២១៧ ជាពិសេសត្រង់ចំណុចភ្លើងស្តុបស្ពានបាគូ ដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំង ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់នោះ៕