កម្ពុជាយកខេត្តព្រះសីហនុ ធ្វើជាកន្លែងកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ចុងឆ្នាំ២០២១


ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ី នាចុងឆ្នាំ២០២១ក្នុងក្រុងព្រះសីហនុដែល នឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជា ដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញនាដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនាថ្ងៃទី០១ និង០២ ខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធាន បទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័យថា បង្កើតទសវត្សថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច​។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព នៃសមុទ្រពិភពលោក។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅកម្ពុជាក៏នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់រដ្ឋមន្ត្រី លើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៅក្នុងខេត្តព្រះសីហនុនោះផងដែរ។ ប្រទេសដែលនឹងចូលរួមក្នុងវេទិកានេះមានជាង១០ ប្រទេសមកពីខាងក្រៅដូចជា៖ ប្រទេសចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត ។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ានាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុតនៅលើពិភពលោក និងបច្ចុប្បន្នកំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងរបស់កម្ពុជា ហើយទីក្រុងនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍នៃពហុជាតិសាសន៍ ៕