ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក ដល់​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូន​


នា​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ទទួល ជួប​សម្តែង​ការគួរសម ពី​សំណាក់​លោកស្រី​Tina Redshaw ឯកអគ្គរាជទូត​ចក្រ ភព​អង់គ្លេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​អមដំណើរ ដោយមាន​ការ អញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​លោកស្រី​ទូត និង​គណៈប្រតិភូ ចុះ​ធ្វើ ទស្សនកិច្ច​អគារ ទីស្ដីការក្រសួង ដែល​ក្នុងនោះ បាន​អញ្ជើញ​ពិនិត្យមើល​បណ្ណាល័យ វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន មណ្ឌល​ផ្តល់​សេវាសាធារណៈ បន្ទប់ IT Lab បន្ទប់ Live Show និង​ទីតាំង​មួយចំនួន ផ្សេងទៀត​។​

​បន្ទាប់ពី​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​រួច លោក​ទេសរដ្ឋមន្ត្រី និង​លោកស្រី ឯកអគ្គរាជទូត បាន​អញ្ជើញ​ធ្វើដំណើរ តាម​រថយន្ដ ដើរ​ដោយ​ថាមពល​អគ្គិសនី (2 blue Electric I-Pace Jaguar) ដើម្បី​ធ្វើតេស្ត​សាកល្បង​អំពី​ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​រថយន្ត ប្រភេទ​នេះ ក្នុង​ដំណើរ​ឆ្ពោះទៅ​ចូលរួម​កិច្ចពិភាក្សា នៅ​សណ្ឋាគារ Raffles le Royal Hotel ក្រោម​ប្រធាន​ប​ទៈ “​អគ្គិសនី​ភាវូបនីយកម្ម នៃ​យានយន្ត ដើម្បី អនាគត​បៃតង សម្រាប់​កម្ពុជា​” ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​វាគ្មិន​សំខាន់ៗ ចំនួន​ពីររូប​ទៀត រួមមានៈ លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា និង​លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក អគ្គិសនី​កម្ពុជា ដោយ​ផ្តោត​ការពិភាក្សា លើ​សារៈប្រយោជន៍ នៃ ការប្រើប្រាស់​រថយន្ត ដើរ​ដោយ​ថាមពល​អគ្គិសនី (​ថាមពល​កកើត ឡើងវិញ​) ដែល​អាចជួយ​កាត់បន្ថយ ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក ទៅក្នុង​បរិយាកាស​ផែនដី​។

ថ្លែង​នៅក្នុង​កិច្ចពិភាក្សា នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ខ្ញុំ​បានធ្វើ ដំណើរ​តាម​រថយន្ត ដើរ​ដោយ​ថាមពល​អគ្គិសនី I-Pace electric Jaguar មក​ចូល រួម​កិច្ចពិភាក្សា ថ្ងៃនេះ ជា​បទពិសោធន៍ ដ៏​អស្ចារ្យ​មួយ​របស់ខ្ញុំ វា​ដូចជា​ការធ្វើដំណើរ តាម​រថយន្ត​ម៉ាស៊ីន​សាំង​ធម្មតា​ដូច្នោះ​ដែរ ជា​រថយន្ត​អនាគត ទំនើប ស្ងាត់ ប្រសិទ្ធភាព និង​អាចធ្វើ​ដំណើរ​បាន ដោយ​រលូន​នៅលើ​ផ្លូវ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់ថាៈ រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើរតួនាទី​យ៉ាង សំខាន់ ក្នុងការ​រួមចំណែក​ដ​ល់ ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន ទៅក្នុង​បរិយាកាស ធ្វើឱ្យប៉ះពាល់ ដល់​បរិស្ថាន និង​បាន​សម្តែង​នូវ សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម ក្នុង​ការជជែក​ពិភាក្សា អំពី​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​ផ្ដល់ព័ត៌មាន ជូន​ដល់​ប្រជា ពលរដ្ឋ​កម្ពុជា​ថា រថយន្ត​ប្រភេទ​នេះ មាន​លក់​នៅ​កម្ពុជា សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ សម្រាប់​ពលរដ្ឋ​កម្ពុជា​ហើយ​។

បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថាៈ ក្រសួង​កំពុង​រៀបចំ គោលនយោបាយ និង​ការគាំទ្រ​សម្រាប់​រថយន្ត ដើរ​ដោយ​ថាមពល​អគ្គិសនី (EVs) និង​បាន​បន្ថែមថា យើង​ត្រូវ​ធានាឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ ទាំងមូល សម្រាប់ EVs នៅ​កម្ពុជា ក្នុងនោះ​រួមមាន ស្ថានីយ៍​សាក​អាគុយ កន្លែង​ផ្តល់​សេវា គ្រឿងបន្លាស់ បុគ្គលិក ទទួល​ការបណ្តុះបណ្តាល និង​កន្លែង​បោះចោល​អាគុយ និង​ធានាថា EVs ដែល​នាំ​ចូលមក កម្ពុជា មានគុណ​ភាពល្អ​។​

​លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថាៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នឹង​កំពុងធ្វើការ ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រៀបចំ​សេចក្តីព្រាង គោលនយោបាយ ជាតិ ស្តីពី​ការអភិវឌ្ឍន៍ វិស័យ​ដឹកជញ្ជូន ២០២២-២០៣១ ហើយ​សេចក្តីព្រាង គោ​លន​យោ បាយ​ជាតិ​នេះ ត្រូវបាន​ឯកភាព ជាគោលការណ៍ ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួង​វិទ្យាសាស្ត្រ ឧស្សាហកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​មួយចំនួន ផ្សេងទៀត​។

​ជាមួយគ្នា​នោះ លោកស្រី ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បានបញ្ជាក់​ថាៈ រដ្ឋាភិបាល​អូស្ត្រាលី បាន និង​កំពុងផ្តល់​ការគាំទ្រ ដល់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ថាមពល​កកើត​ឡើងវិញ​យ៉ាងសកម្ម ដែលជា​ផ្នែក​មួយ នៃ​ផែនការអភិវឌ្ឍន៍​ថាមពល សម្រាប់​កម្ពុជា ដោយ​សហការ​ជាមួយ វិស័យ​ឯកជន ហើយ​តាម​ការសិក្សា​បឋម បានបង្ហាញ​ឱ្យឃើញថា ប្រទេស​កម្ពុជា មាន​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​យ៉ាងច្រើន ដែលជា​ប្រភព​ថាមពល កកើត​ឡើងវិញ ប្រកបដោយ​សក្កា​នុព​ល និង​អាច​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការចំណាយ​ផងដែរ​។​

​ដោយឡែក លោកស្រី ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស បាន​សម្តែង​នូវ មោទនភាព ដែល​លោកស្រី បានទទួល​រថយន្ត ដែល​ដើរ​ដោយ​ថាមពល កកើត​ឡើងវិញ ធ្វើឱ្យមាន​ការចាប់ អារម្មណ៍ ដល់​បណ្ដា​ថ្នាក់ដឹកនាំ​សំខាន់ៗ ក៏ដូចជា សាធារណជន​ទូទៅ និង​បាន​បញ្ជាក់ថា ការប្រើប្រាស់​រថយន្ត ដើរ​ដោយ​ថាមពល​កកើតឡើង​វិញ​នេះ ជួយ​ដល់​ការកាត់បន្ថយ នូវ​ការបញ្ចេញ​ឧស្ម័ន​កាបូន ទៅក្នុង​បរិយាកាស ជួយ​ឱ្យ បរិស្ថាន​ស្អាត បៃតង និង​ប្រកបដោយ បច្ចេកវិទ្យា​ទំនើប​ផងដែរ ហើយ​ប្រសិនបើ​យើង ចង់​ដោះស្រាយ ការប្រែប្រួល​អាកាសធាតុ និង​ធានាបាន​នូវ​ស្ថិរភាព អាកាសធាតុ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ យើង​ចាំបាច់ ត្រូវ​ដោះស្រាយ ការ​បំ​ភាយ​ឧស្ម័ន​កាបូន ចេញពី​ការដឹកជញ្ជូន​។

ជាមួយគ្នា​នោះ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​សម្តែង​សុទិដ្ឋិនិយម ចំពោះ​ការរួម​សហការគ្នា រវាង​ការផ្គត់ផ្គង់​អគ្គិសនី និង​បណ្តាញ​អគ្គិសនី នាពេល​អនាគត​។ លោក​បាន​បន្ថែមថាៈ ជាមួយនឹង​គោលនយោបាយ​វៃឆ្លាត និង​ការប្ដេជ្ញា​ខ្ពស់​របស់ រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​កម្ពុជា មាន​ថាមពល​កកើត​ឡើងវិញ នៅក្នុង​បណ្ដាញ​ចែកចាយ អគ្គិសនី​កម្ពុជា ចំនួន ៩% និង​ក្នុង​ពេលខាងមុខ នឹង​ឡើងដល់ ១០% ខណៈ​ការផ្គត់ផ្គង់ អគ្គិសនី ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ក្នុង​កម្រិត​ពិភពលោក គិត​ជា​មធ្យម មាន​ប្រហែល ពី ៤% ទៅ ៥% ដូច្នេះ​យើង​ឋិត​ក្នុងស្ថានភាព​ល្អ​។

​គួរកត់សម្គាល់​ផងដែរ​ថា រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ជួយ​ឱ្យ​បរិស្ថាន​ស្អាត មាន​ប្រសិទ្ធភាព​ជាង រថយន្ត​ប្រើ​សាំង និង​អាចជួយ​កាត់បន្ថយ ការបំពុល​ខ្យល់ ក្នុង​ទីក្រុង​នានា ដូចជា ទីក្រុង​ភ្នំពេញ​ជាដើម ដោយសារ​រថយន្ត ប្រភេទ​នេះ មិន​ប្រើ​សាំង ក្នុង​ដំណើរការ​របស់ វា​ទេ​។ រថយន្ត​អគ្គិសនី ក៏​ជួយ​កាត់បន្ថយ​ការ បំ​ភាយ​ឧស្ម័ន​កាបូន ទៅក្នុង​បរិយាកាស​ផងដែរ បើទោះបីជា​បណ្តាញ​អគ្គិសនី ត្រូវបាន​ដំណើរការ ដោយ​ធ្យូងថ្ម​ក៏ដោយ​៕