ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ដែលចូលចំណែកការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបគណៈប្រតិភូចិន ដឹកនាំដោយព្រះតេជគុណ ចាង ស៊ីន ក្នុងពិធីប្រគល់-ទទួលអំណោយរបស់សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនអាជ្ញាធរមីន សម្រាប់ការចូលរួមចំណែកការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ហើយបានចាត់ ទុកប្រទេសចិន ជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់គណៈប្រតិភូចិន ដឹកនាំដោយព្រះតេជគុណ Zhao Xin ដែលបានឧបត្តម្ភជូនអង្ករ ២៥គីឡូ ចំនួន ៥០បាវ អាកុល ចំណុះ៣០លីត្រ ចំនួន៥កាន និងម៉ាស់ចំនួន ១៥,០០០បន្ទះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាជនក្រីក្រនៅខេត្តស្វាយរៀង។

ជាមួយគ្នានេះ ក្នុងពិធីប្រគល់-ទទួល លោកទេសរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យអ្នកវិនិយោគទុនចិន និងសមាគមចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្វែងយល់អំពីកម្ពុជា៕