ព្រះមហាក្សត្រ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមមហាសន្និបាតអង្គការយូណេស្កូ នៅប្រទេសបារាំង


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំខាន់ៗរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងការយាងចាកចេញពីមាតុប្រទេសនេះ ព្រះករុណ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានចេញព្រះរាជសារផ្តល់ដំណឹង ដល់ប្រជារាស្ត្ររបស់ព្រះអង្គផងដែរ។

នៅក្នុងព្រះរាជសារផ្តល់ដំណឹងនៃព្រះអវត្តមានរបស់ព្រះអង្គពីមាតុប្រទេសនេះ ព្រះមហាក្សត្រខ្មែរ ក៏បានជូនដំណឹងពីការផ្តល់នូវព្រះរាជភារកិច្ចរបស់ព្រះអង្គ ជូនទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី ដើម្បីអន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យនាថ្ងៃទី១១ ខែវិច្ឆិកា។

សូមបញ្ជាក់ថា អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំ វិទ្យាសាស្ត្រ និងការអប់រំ។ អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ អង្គការនេះ ធ្វើបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ យូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវ របៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

បន្ទាប់ពីតំបន់អង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយ សម្រាប់ការអភិរក្សនិងការអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៣។

ការបង្កើត ICC-Angkor គឺកើតចេញពីលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីទទួលស្គាល់តំបន់អង្គរទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ប្រាសាទរបស់កម្ពុជាចំនួន៣ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈមហាសន្និបាទអង្គការយូណេស្កូនេះ រួមមាន៖ ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ២០១៧។

ចំណែកសម្បត្តិវប្បធម៌អរូបិយរបស់កម្ពុជាចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូផងដែរ រួមមាន៖ ល្ខោនខោល ដាក់បញ្ចូលនៅឆ្នាំ២០១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ និងល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៨។

ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានស្នើឲ្យយូណេស្កូ ពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយផងដែរ៕