ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមបណ្ឌិត ថោង ខុន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា


នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល កម្ពុជា ៤.០ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” ដែលជាកិច្ចសហការរវាងក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌល កម្ពុជា ៤.០។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងទម្រង់ចម្រុះ (ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) ដោយមានអ្នកចូលរួមដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជនជាច្រើន។