ក្រសួងការពារជាតិ កំពុងរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដំណាក់កាលទី២ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលយោធិននារី កំពុងជួបប្រទះ


(ភ្នំពេញ)៖ លោកស្រីនាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានប្រចាំការក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ បានឱ្យដឹងថា ក្រសួងការពារជាតិ បាននិងកំពុងធ្វើការរៀបចំ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៧ ដោយបានដាក់ចេញនៅយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដោយធ្វើការដោះស្រាយទៅនឹងបញ្ហាប្រឈម ដែលយោធិននារីកំពុងជួបប្រទះ។

ការឱ្យដឹងបែបនេះរបស់ស្រីនាយឧត្តមសេនីយ៍ ម៉ី មនដារី នៅក្នុងឱកាសលោកស្រី បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ នៅសិក្ខាសាលាបូកសរុបការងារយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទរយៈពេល៥ ឆ្នាំ២០១៧-២០២១ និងលើកទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ ដោយមានអ្នកចូលរួមពីបណ្តាលក្រុមការងារយេនឌ័រ នៅចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ សរុបចំនួន២០០នាក់។

ស្ថិតក្នុងឱកាសនោះ លោកស្រីនាយឧត្តមសេនីយ៍ ម៉ី មនដារី បានថ្លែងថា សិក្ខាសាលានេះធ្វើឡើង គឺដើម្បីពិនិត្យលើលទ្ធផលការងារយេនឌ័រទូទាំងកងពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំកន្លងមក និងដើម្បីលើទឹកចិត្តឱ្យក្រុមការងារ យេនឌ័រទូទាំង កងយោធពលខេមរភូមិន្ទពង្រឹង និងជំរុញការអនុវត្តន៍លើការបញ្ជ្រាបយេនឌ័រ ទូទាំងកងយោធពលខេមភូមិន្ទ ការកសាងសមត្ថភាពរបស់យោធិនារី ឱ្យកាន់តែសកម្មបន្ថែមទៀត។

លោកស្រីនាយឧត្តមសេនីយ៍ បានលើកឡើងថា ក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្នុងកងយោធពលខេមិន្ទ ឆ្នាំ២០១៦-២០២០ ផែនការយុទ្ធសាស្ត្រនេះរៀបចំឡើងដើម្បីជំរុញ និងធានាឱ្យមានសមភាពយេនឌ័រ ធ្វើឱ្យមានការកែប្រែលើវិសមភាពយេនឌ័រ រវាងនារី ធ្វើឱ្យមានការកែប្រែរវាងនារី និងបុរសក្នុងការអនុវត្តន៍កាងារ ការទទួលបានឋានន្តរស័ក្តិ តួនាទី ក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលការផ្តល់លទ្ធភាព ដល់ការលើកម្ពស់ស្ថានភាព និងសម្ថភាពរបស់យោធិននារី ក្នុងការបំពេញការងារស្នូល នៅក្នុងអង្គភាពដើម្បីឆ្លើយតប និងសមភាព និងសមធ៌មយេនឌ័រ និងដើម្បីបង្កើនឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀត រវាងនារី និងបុរសក្នុងកងយោធពលខេមរភូមិន្ទ។

លោកស្រីបានបន្តទៀតថា បច្ចុបន្នក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ ដោយមានការគិតគូ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោមការដឹកនាំរបស់លោកស្រី ដាំ ដារីនី ជាបន្តបន្ទាប់ស្ថានភាពយេនឌ័រ នៅក្នុងវិស័យការពារជាតិ កាន់តែមានភាពល្អប្រសើរឡើងយោធិននារី ត្រូវបានផ្តល់ឱកាសចូលរួមគ្រប់សកម្មទាំងការងារហ្វឹកហ្វឺន រៀនសូត្រ សិក្ខាសាលា និងសកម្មភាពនានា តាមបណ្តាកងឯកភាព ចូលរួមវគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងត្រូវបានផ្តល់ឱកាសទទួលបបានការតម្លើងឋានន្តរស័ក្តិ តួនាទី តាមសមត្ថភាព ចំណេះដឹង និងជំនាញ ទទួលបានការលើកទឹកចិត្ត ផ្តល់គ្រឿងឥស្សរយស បណ្ណសសើរ លិខិតសសើរ ព្រមទាំងមានសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចតាមតួនាទីដូចបុរសដែរ៕