រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ១៩៧២


(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្គូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ១៩៧២ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំការងារជាមួយប្រតិភូអមដំណើរ និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ ដើម្បីត្រៀមកិច្ចប្រជុំសំខាន់ៗទាំងពីរ។

ដោយឡែក នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ ដោយមានការចូលរួមពីលោកជំទាវ Audrey Azoulay អគ្គលេខាធិការនៃអង្គការយូណេស្កូ និងបណ្តាប្រទេសជាសមាជិកជាច្រើន៕