រដ្ឋមន្ត្រីបរិស្ថាន៖ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ដោះស្រាយការប្រែប្រួលអាកាសធាតុ


(អង់គ្លេស)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

ក្នុងសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្មនផ្ទះកញ្ចក់ កម្ពុជា បានដាក់ផែនការចំនួន៤ រួមមាន៖

*ទី១៖ បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ១៥% នៃប្រភពថាមពលរបស់យើង
*ទី២៖ មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី
*ទី៣៖ មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
*ទី៤៖ កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០។

នាឱកាសនោះដែរឯកឧត្តម សាយ សំអាល់ បានលើកឡើងថានេះ គឺជាការជួបជុំដែលមិនធ្លាប់មានពីមុនមករបស់យើង ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងដោយសារតែការប្រែប្រួលអាកាសធាតុលែងជាពាក្យ ចចាមអារ៉ាមទៀតហើយ។ ការប្រែប្រួលអាកាសធាតុក៏ដូចជាជំងឺរាតត្បាតសកលផងដែរមិនបញ្ឈប់ត្រឹមព្រំដែនរបស់យើងទេ ហើយវត្តមានរបស់យើងនៅទីនេះជាសញ្ញាដែលធានាថាក្នុងនាមជាមេដឹកនំាពិភពលោក យើងមិនបោះបង់ការទទួលខុសត្រូវរួមរបស់យើងចំពោះសកម្មភាពអាកាសធាតុទេ។

ឯកឧត្តមបានគូសបញ្ជាក់ថា ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ ដែលយើងឃើញថានៅតែមានការលំបាកក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀត ក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់»

សូមបញ្ជាក់ថា កម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន៤២% ត្រឹមឆ្នំា២០៣០។ ជាងនេះកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕