ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កិច្ចសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឍន៍អាស៊ាន ដើរតួនាទីសំខាន់ក្នុងការគាំទ្ររបៀបវារៈនៃការដឹកជញ្ជូន


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងបញ្ជាក់ថា កិច្ចសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឍន៍អាស៊ាន បន្តដើរតួនាទីកាន់តែសំខាន់ក្នុងការគាំទ្ររបៀបវារៈនៃការដឹកជញ្ជូន តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា ជាពិសេសបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ភាពជាដៃគូដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ត្រូវតែពង្រឹង និងពង្រីកដើម្បីដោះស្រាយ បញ្ហាប្រឈមថ្មីៗដែលអាចកើតមាននាពេលអនាគត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម BUDI KARYA SUMADI រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងជាអនុប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងឯកឧត្តម DATO LIM JOCK HOI អគ្គលេខាធិការអាស៊ាន រួមទាំងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងសុន្ទរកថា បើកកិច្ចប្រជុំនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការរាតត្បាតនៃមេរោគកូវីដ-១៩ បានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក ធ្វើឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្ម គ្រប់វិស័យ គ្រប់ទិដ្ឋភាពនៃជីវិត ខាតបង់ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរមិនធ្លាប់កើតមាននាពេលកន្លងមក និងធ្វើឱ្យ អនាគតឋិតក្នុងភាពមិនច្បាស់លាស់។

ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដូចដែលស្ថិតិពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) បានបង្ហាញថា ការធ្វើចរាចរណ៍របស់អ្នកដំណើរពិភពលោកបានធ្លាក់ចុះចំនួន៥៣.១% ក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩ ប្រាក់ចំណូលអាកាសយានដ្ឋានទទួលរងការខាតបង់ច្រើនជាង១០៨ ពាន់លានដុល្លារនៅចុងឆ្នាំ២០២១ និងប្រាក់ចំណូលអ្នកធ្វើដំណើរក្នុងមួយគីឡូម៉ែត្ររបស់ក្រុមហ៊ុន អាកាសចរណ៍បានធ្លាក់ចុះ៤៦.៥% នៅក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងបង្កាមេរោគជំងឺកូវីដ-១៩ សេដ្ឋកិច្ចពិភពលោកកំពុងចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាត ហើយប្រទេសសមាជិកអាស៊ាន មួយចំនួនបានបើកសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឡើងវិញជាបណ្តើរៗ ជាមួយនឹងវិធានការធម្មតាថ្មីដែលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងទៀតថា កិច្ចប្រជុំអាស៊ានមានបញ្ហាប្រឈម ជាច្រើនដែលត្រូវពិភាក្សា និងអនុម័ត ហើយលោកជឿជាក់ថា កិច្ចប្រជុំនេះនឹងនាំមកនូវការពិភាក្សា ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារលេខាធិការដ្ឋានអាស៊ាន និងក្រុមការងារខាងភាគីកម្ពុជា ដែលបានផ្តល់ការគាំទ្រឥតឈប់ឈរ និងឆ្លើយតបបានទាន់ពេលវេលាក្នុងការធ្វើឱ្យកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនលើកទី២៧នេះទទួលបានជោគជ័យ៕