ចិនបន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាចំនួន៥០០កន្លែងបន្ថែមទៀត សម្រាប់ឆ្នាំសិក្សា២០២២-២០២៣


ក្នុងជំនួបពិភាក្សាការងារពិសេសតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នារសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ, នាយករដ្ឋមន្ត្រីនៃប្រទេសមហាអំណាចចិន លោក លី ខឺឈាង បានសន្យាបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន៥០០កន្លែងបន្ថែមទៀត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្រោយជំនួបពិភាក្សាការងារ រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរថា ការផ្តល់អាហារូបករណ៍ចំនួន ៥០០កន្លែងបន្ថែមនេះ មានរយៈពេល៥ឆ្នាំ ហើយចិនក៏កំពុងពិនិត្យលទ្ធភាព បើកឲ្យនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិនឡើងវិញក្នុងពេលឆាប់ៗផងដែរ។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម លី ខឺឈាង បានបញ្ជាក់ដែរថា ចិននឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៥០០កន្លែងបន្ថែមទៀត សម្រាប់រយៈពេល៥ឆ្នាំ។ រដ្ឋាភិបាលចិនក៏កំពុងពិនិត្យបើកឱ្យនិស្សិតកម្ពុជា បានទៅបន្តសិក្សាដោយផ្ទាល់នៅប្រទេសចិន ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ»

យោងតាមរបាយការណ៍របស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានបញ្ជាក់ថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនមានចំនួន ១៧០៧នាក់ (ប្រុស១០៦០នាក់ និងស្រី ៦៤៧នាក់) ក្នុងនោះថ្នាក់បណ្ឌិត៣៧នាក់ អនុបណ្ឌិត ៣២៧នាក់ ថ្នាក់បរិញ្ញាបត្រ១០៨១នាក់ ថ្នាក់បរិញ្ញាបត្ររង ៨៤នាក់ និងថ្នាក់ភាសា ១៧៨នាក់។

ក្នុងចំណោមនិស្សិតសរុបទាំង១៧០៧នាក់ ដែលកំពុងសិក្សានៅចិន មានចំនួន៥១នាក់ដែលស្នាក់នៅ និងសិក្សានៅចិន និង១៦៥៦នាក់ ដែលស្នាក់នៅ និងសិក្សានៅកម្ពុជា (សិក្សាពីចម្ងាយ)។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីឆ្នាំ១៩៨០-២០២០ មាននិស្សិតកម្ពុជាសរុបចំនួន ១៩៥៤៦នាក់ (ស្រី៤២២៨នាក់) ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសផ្សេងៗចំនួន ៣២ប្រទេស៕