កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅរសៀលនេះ


កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅម៉ោង២៖០០នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធនិម្មិត (Virtual Meeting) ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ វិបត្តិកូវីដ-១៩» ដែលរៀបចំចេញពីវិមានរដ្ឋសភាកម្ពុជា។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថា ASEP គឺជាព្រឹត្តការណ៍ដាច់ដោយឡែកមួយរបស់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (Asia-Europe Meeting) ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នាថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ីប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។

នៅក្នុងពិធិបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នឹងមានការចូលរួមថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។

នាឱកាសនៃកិច្ចប្រជុំ ASEP នេះ គណៈប្រតិភូនៃប្រទេសជាសមាជិកសភាអាស៊ី-អឺរ៉ុប នឹងមានឱកាសពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសេចក្ដីប្រកាសរបស់ ASEP11 ព្រមទាំងពិភាក្សាផ្លាស់ប្តូរទស្សនៈជាមួយគ្នាទៅវិញទៅមក ក្នុងក្រុមពិភាក្សាចំនួនបីក្រុមផ្សេងគ្នា ដែលមានប្រធានបទ មានជាប់ពាក់ព័ន្ធនឹងមូលបទគោលខាងលើ។

នេះជាលើកទី១សម្រាប់សភាកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធនិម្មិតបែបនេះ ហើយព្រឹត្តិការណ៍នេះ នឹងជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានដើរតួនាទីជាវេទិកា មួយសម្រាប់ទំនាក់ទំនង ការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។

កិច្ចប្រជុំ ASEP នេះ បានផ្ដោតលើទំនាក់ទំនងអន្តរសភាលើកកម្ពស់ការទូតសភាពង្រឹងកិច្ចពិភាក្សាយោគយល់គ្នាទៅវិញទៅមក និងទាក់ទាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើបញ្ហាមួយចំនួនដែលសមាជិកសភាចាត់ទុកថាជាអាទិភាពដូចដែលបានដាក់នៅក្នុងដំណោះស្រាយ និងសេចក្ដីប្រកាសចុងក្រោយ របស់កិច្ចប្រជុំ ASEP។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា ឈរលើស្មារតីក្នុងនាមជាប្រទេសម្ចាស់ផ្ទះ សភាកម្ពុជាមានសុទិដិ្ឋនិយមក្នុងការខិត ខំ បំពេញ កាតព្វកិច្ចទទួលរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលនឹងបន្តរួមចំណែកដល់ការលើកកម្ពស់នូវចក្ខុវិស័យនិងគោលដៅចម្បងរបស់ ASEP ក្នុងការបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងទ្វីបទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងសម្រេចបាននូវក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋគឺការរស់នៅក្នុងសុខសន្តិភាពស្ថិរភាព និងវិបុលភាពរួម។

គួររំលឹកដែរថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងបានកោះប្រជុំលើកដំបូងនៅទីក្រុង Strasbourg ប្រទេសបារាំងហើយបច្ចុប្បន្នមានសមាជិកនៅក្នុងតំបន់អាស៊ី និងអឺរ៉ុបចំនួន៥១ប្រទេសរួមទាំងអង្គការជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕