កម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដើម្បីទាក់ទាញវិនិយោគិន និងធុរជនកូរ៉េខាងត្បូង


វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមកិច្ចសហការជាមួយ ស្ថានទូតកូរ៉េប្រចាំកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគថ្មី ជូនវិនិយោគិន និងធុរជនកូរ៉េ ដែលមានអ្នកចូលរួមចំនួនប្រមាណ១០០នាក់។

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានសម្ដែងនូវអំណរសាទរ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានតាក់តែងច្បាប់ស្ដីពីវិនិយោគថ្មីនេះឡើង និងទទួលបានការឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រប្រកាស ឲ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្របពេលដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងស្ថិតក្នុងដំណើរការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលបណ្តាលមកពីជំងឺ កូវីដ-១៩។

លោកជំទាវរីក៏បានរំលេចផងដែរថា ជាមួយនឹងការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ កាលពីចុងខែតុលាកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងមួយកម្រិតទៀត ដែលនឹងចូលរួមលើកកម្ពស់ ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានរំលេចពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ ជាលំដាប់ចាប់តាំងពីការ ផ្សារភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧។ ជាក់ស្តែង ពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតមួយខ្ពស់គួរឲ្យកត់សម្គាល់ ដោយសម្រេចបានទំហំជាង១ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ២០១៩ ខណៈដែលសាធារណរដ្ឋកូរ៉េជាអ្នកវិនិយោគធំជាងគេទី២ នៅកម្ពុជា ដែលបានបណ្តាក់ទុនសរុបជិត៧ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ន។

លោកបានយល់ស្របតាមការលើកឡើងរបស់លោកស្រី ជ្រឹង បុទុមរង្សី ថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ពិតជានឹងមានកំណើនកាន់តែខ្ពស់ជាក់ជាមិនខាន។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានថ្លែងអំណរគុណ ដល់ការចូលរួមយ៉ាងសកម្ម ពីសហគមន៍ធុរកិច្ចកូរ៉េនៅកម្ពុជា តាមរយៈស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ច្បាប់នេះ និងជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយច្បាប់នេះ ឲ្យបានទូលំទូលាយ។

លោកបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគកូរ៉េទាំងអស់នៅកម្ពុជា ក្នុងវិស័យជាច្រើនដូចជាកសិកម្ម វាយនភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សារមូលបត្រ -ល-។ ជាងនេះទៅទៀត លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក្នុងការទទួលស្វាគមន៍ និងផ្តល់កិច្ចគាំពារដល់ពលករកម្ពុជា ដែលបម្រើការនៅសាធារណរដ្ឋកូរ៉េ។

ពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីនេះ លោករដ្ឋមន្រ្តីប្រតិភូ បានបញ្ជាក់ថា ច្បាប់នេះត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដោយបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើនលើក ជាមួយស្ថាប័នរដ្ឋនិងផ្នែកឯកជន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមា ពីនិម្មាបនកម្មសេដ្ឋកិច្ច ក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ក៏ដូចជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា។

លោកមានសុទិដ្ឋិនិយមថា វិនិយោគិនកូរ៉េនឹងបានយល់កាន់តែច្បាស់ និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹងជួយផ្សព្វផ្សាយបន្ត និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕