សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវដល់ជនរួមជាតិទាំងអស់ នាំកូនចៅទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន អំពាវនាវដល់ជនរួមជាតិទាំងអស់ នាំកូនចៅទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពសុំា ក្នុងការឈានទៅបើកប្រទេសឱ្យបានពេញលេញ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច សង្គម ។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែ វិច្ឆិកា នេះ បានមានប្រសាសន៍ណែនាំដល់ក្រុមគ្រូពេទ្យ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិឱ្យបន្តយកចិត្ត ទុកដាក់អនុវត្តការងារតាមភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា សូមអំពាវនាវដល់ជនរួមជាតិទាំងអស់នាំកូនចៅទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា សំដៅស្ដារ លើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ចជាតិយើងក្រោយវិបត្តិជំងឺកូវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ និង៣កុំ”។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលឱ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ ។ កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ។ កុមារអាយុ ០៥ឆ្នាំ មាន ៨១,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ ។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៨,០៧% ៕