ក្រសួងបរិស្ថានចុះកិច្ចព្រមព្រៀងការពារបរិស្ថានសមុទ្រ និង ផ្កាថ្ម


នារសៀលថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារ តំណាងក្រសួងបរិស្ថាន និង លោក Frank Jattke តំណាងក្រុមការងារអាស៊ាន GIZ បានចុះកិច្ចព្រមព្រៀងក្នុងការអនុវត្តគម្រោង “ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម ” ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា គោលបំណងនៃគម្រោងនេះដើម្បីគាំទ្រប្រ ទេសសមាជិកអាស៊ាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអនុវត្តន៍សម្រាប់កាត់បន្ថយសំណល់សមុទ្រ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម។ ការផ្តោតលើភូមិសាស្ត្រ នៃគម្រោងសាកល្បង ដែលជាប្រភពសំខាន់នៃសំណល់សមុទ្រ នៅតាមប្រព័ន្ធទន្លេមេគង្គ រួមមាន៖ ប្រទេសកម្ពុជា វៀតណាម ហ៊្វីលីពីន និងប្រទេសឥណ្ឌូណេស៊ី។ គម្រោងនេះមានលទ្ធផលរំពឹងទុកចំនួន ៤ដូចជា៖

១.ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការគ្រប់គ្រងចំណេះដឹង ក្នុងចំណោមក្រុមការងារអាស៊ាន ដោយផ្អែកលើ “ក្របខ័ណ្ឌ អាស៊ាននៃសកម្មភាពលើសំណល់សមុទ្រ” ។ ២.បង្កើតវិធានការជាតិសម្រាប់ការកាត់បន្ថយសំណល់ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ។ ៣.បង្កើតវិធីសាស្រ្តសម្រាប់ការកាត់បន្ថយសំណល់ តាមរយៈខ្សែសង្វាក់តម្លៃ ដោយមានការចូលរួមពីវិស័យឯកជន។ ៤.បង្កើនការប្រមូល និងការកែច្នៃសំណល់នៅក្នុងក្រុង ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងសាកល្បងនេះ។

សម្រាប់ប្រទេសកម្ពុជា គម្រោង “ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ ការកែច្នៃ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម” នឹងមានសុពលភាព បន្ទាប់ពីកិច្ចព្រមព្រៀងគម្រោងនេះត្រូវបានចុះហត្ថលេខារវាង GIZ និងក្រសួងបរិស្ថាន រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលគម្រោងសាកល្បងចំនួនពីរត្រូវបានជ្រើសរើស៖

១-វិធីសាស្រ្តបង្កើនប្រសិទ្ធភាពនៃការបង្ការ ការប្រមូលសំណល់ និងការកែច្នៃសំណល់នៅក្នុងទីក្រុងខ្នាតមធ្យមមួយនៅតាមដងទន្លេមេគង្គ ដែលកម្ពុជាស្នើខេត្តក្រចេះចូលរួមអនុវត្តន៍ និង២-ការសាកល្បងគំនិតនៃទំនួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) រួមទាំងវិស័យក្រៅផ្លូវការ នៅក្នុងរាជធានីភ្នំពេញ ៕