សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យខ្មែរនៅអាមេរិក ងើបប្រឆាំងទណ្ឌិត សម រង្ស៉ី ដែលព្រមានដកសញ្ជាតិអាមេរិក


ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យខ្មែរនៅអាមេរិកទាំងអស់ ពិសេសអ្នកដែលស្រលាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ងើបឡើងដើម្បីតវ៉ាប្រឆាំងជាមួយទណ្ឌិត សម រង្ស៉ី ដែលជាទណ្ឌិតរត់ចោលស្រុក រឿងព្រមានដកសញ្ជាតិអាមេរិកពីពួកដែលស្រលាញ់ និងគាំទ្រសម្ដេច។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យ» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការហួសចិត្តចំពោះការនិយាយរឿង ព្រមានដកសញ្ជាតិអាមេរិកពីខ្មែរ ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបានចាត់ទុកថា មនុស្សដែលនិយាយបែបនេះ ផ្ដាច់ការ តាំងពីមិនទាន់ឡើងកាន់អំណាច។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី មន្ដ្រីខ្មែរក្នុងជួររាជរដ្ឋាភិបាល ក៏មានសញ្ជាតិអាមេរិកមួយចំនួនដែរ ហើយកំពុងតែបម្រើការងាររៀងរាល់ថ្ងៃ មិនទាន់មានអ្នកណាម្នាក់ដែលត្រូវរដ្ឋាភិបាលដកសញ្ជាតិអាមេរិកនៅឡើយទេ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ជាមួយនឹងការនិយាយរឿងព្រមានដកសញ្ជាតិអាមេរិក ពីមនុស្សរត់ចោលស្រុកបែបនេះ ក៏មានប្រតិកម្មជាបន្ដបន្ទាប់ ពីសំណាក់ខ្មែររស់នៅអាមេរិកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេព្រមានដកសញ្ជាតិអាមេរិកពីខ្មែរ ដែលស្រលាញ់ គាំទ្រគណបក្សប្រជាជនកម្ពុជា កោតតែនិយាយទៅរួច ហើយធ្វើឲ្យខ្មែរនៅក្រៅធ្វើប្រតិកម្មខ្លាំងណាស់។ អត់ទាន់បានកាន់អំណាចផងគំរាមដកសញ្ជាតិអាមេរិក ជំនួសឲ្យរដ្ឋាភិបាលអាមេរិកទៅទៀត មនុស្សអីដល់ថ្នាក់ប៉ុណ្ណឹង មិនទាន់បានកាន់អំណាចវាផ្ដាច់ការប៉ុណ្ណឹងទៅហើយ ផ្ដាច់ការវាផ្ដើមចេញពីអាមាត់ហ្នឹង។ មើលខ្មែរយើងនៅអាមេរិក ដែលជាសមាជិក សមាជិកាគណបក្សប្រជាជន ងើបឈរឡើងនៅអាមេរិក ដើម្បីប្រឆាំងជំទាស់ ហើយទៅសួរសមាជិកសភា នៅវិមាន Capital សួរ ឬក៏ទៅកន្លែងណាមួយដើម្បីសួរភាគីអាមេរិក។ នាំគ្នាធ្វើបាតុកម្ម សួរអាមេរិកមើលដកមែនឬអត់ បើដកមែនរៀបចំបង្វិកមក»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលគេហ៊ាននិយាយរឿងដកសញ្ជាតិអាមេរិកពីខ្មែរ ដែលស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះគេអះអាងថា ចិនជាសត្រូវរបស់អាមេរិក ដូច្នេះបើខ្មែរណាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន គឺជាសត្រូវរបស់អាមេរិក ដែលអាមេរិកត្រូវតែដកសញ្ជាតិត្រឡប់មកវិញ។

ប៉ុន្ដែត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានចំអកឲ្យបុគ្គលនោះថា ស្គាល់មេដឹកនាំអាមេរិក និងមេដឹកនាំចិនតិចពេកហើយ។ សម្ដេចបន្ដថា ថ្ងៃមុនប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បាយឌិន ជួបជជែកពិភាក្សាគ្នា ដោយនិយាយអំពីវិធីសាស្ដ្រគ្រប់គ្រងទំនាក់ទំនងរវាងចិន និងអាមេរិកច្បាស់លាស់ណាស់។ បើទោះបីជា ប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ ប្រធានាធិបតីបានប្ដេជ្ញារួមគ្នាថា មិនឲ្យប៉ះទង្កិចគ្នានោះទេ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យខ្មែរដែលប្រតិកម្មនឹងការលើកឡើងរឿងដកសញ្ជាតិនេះ ដែលមានច្រើនរាប់មិនអស់នោះ មកលេងប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន ហើយពាក់ផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា មកពីអាមេរិកមកទៀត ក៏មិនមានអ្នកណាថាអីនោះដែរ។ ក្នុងករណីអាមេរិកដកសញ្ជាតិត្រឹមរឿងប៉ុននេះ អាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យនោះទេ។

ចំពោះការមានប្រសាសន៍បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់លោក ផៃ ស៉ីផាន ដែលជាមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាអ្នកមានសញ្ជាតិអាមេរិកដែរនោះ បានប្រកាសពីការគាំទ្រយ៉ាងពេញទំហឹង ឲ្យខ្មែរនៅក្រៅប្រទេសដែលមានសញ្ជាតិអាមេរិក ងើបតវ៉ាចំពោះការព្រមានដកសញ្ជាតិអាមេរិកពីទណ្ឌិត សម រង្ស៉ី ដែលជាពូជក្បត់ជាតិ៣ជំនាន់ទាំងពីជីតា រហូតមកដល់ខ្លួនឯងបែបនេះ។

ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយបណ្ដាញព័ត៌មាន Fresh News លោក ផៃ ស៉ីផាន ក៏បានបញ្ជាក់អំពីគម្រោងរបស់លោកដែរ លោកនឹងសរសេរសំបុត្រទៅកាន់អ្នកតំណាងរាស្ដ្រនៅតាមតំបន់លោក ដើម្បីបញ្ជាក់ឲ្យគេបានយល់ពីប្រទេសកម្ពុជា បានយល់ពីរាជរដ្ឋាភិបាលកម្ពុជា និងបញ្ជាក់ឲ្យច្បាស់អំពីក្រុមពូជក្បត់ជាតិ ដែលតែងបង្កើតនូវការបែកបាក់ រើសអើងពូជសាសន៍ ហើយចុងក្រោយបំភ័យខ្មែរនៅក្រៅប្រទេសទៀត។

លោក ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រកាសឲ្យខ្មែរអាមេរិក ងើបតវ៉ាចំពោះការនិយាយរបស់ទណ្ឌិត សម រង្ស៉ី រឿងដកសញ្ជាតិបែបនេះ។ ខ្ញុំសូមគោរពអរគុណដល់សម្ដេចតេជោ ដែលលោកផ្ដល់ឱកាស និងប្រមូលប្រមូលមនុស្សមានធនធានម កចូលរួមកសាងប្រទេស។ ខ្ញុំក៏រៀបចំសរសេរសំបុត្រទៅអ្នកតំណាងរាស្ដ្រនៅតំបន់ខ្ញុំ ឲ្យគេយល់ពីកម្ពុជា អំពីក្រុមក្បត់ជាតិ៣ជាន់ ដែលតែងបង្កើតនូវការបែកបាក់»

ព្រមពេលជាមួយគ្នានេះ លោក ផៃ ស៉ីផាន ក៏បានពន្យល់អំពីនីតិវិធីមួយចំនួន ចំពោះការដកសញ្ជាតិអាមេរិក ពីជនគ្រប់រូបដែលមានសញ្ជាតិនេះផងដែរ។ លោកបានពន្យល់ថា សហរដ្ឋអាមេរិក គឺមានច្បាប់ក្នុងគ្រប់គ្រង ហើយដើម្បីដកសញ្ជាតិពីជនណាមួយ គឺជាសមត្ថកិច្ចរបស់តុលាការកំពូល ក្នុងករណីតុលាការរកឃើញថា អ្នកណាដែលប៉ះពាល់ដល់សន្ដិសុខជាតិ ទើបតុលាការកំពូលសម្រេចដកសញ្ជាតិ មិនមែននៅសុខៗគេដកសញ្ជាតិនោះទេ៕