រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ (ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ )


បាត់ដំបង នៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ “ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំង​ប្រដាប់អាវុធ​ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត  និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសួនច្បារនាគសន្ដិភាព ក្រុងបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថាននេះ ដើម្បីអប់រំផ្សព្វ ផ្សាយដល់គ្រប់ស្រទាប់មហាជន ប្រជាជន និងគ្រប់មជ្ឈដ្ឋានទាំងអស់ ឱ្យយល់ដឹងពីអនាម័យបរិស្ថានជុំវិញខ្លួន ហើយទិវានេះទៀតសោត គឺជាទិវាដើម្បីធ្វើការក្រើនរម្លឹកដល់​មហាជន ប្រជាជនទាំងអស់ អំពីការចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតជាប្រចាំ ព្រោះថា បន្ទាប់ពីបញ្ចប់ទិវានេះរួច បរិស្ថានមិនអាច​ស្អាតបានជារៀងរហូតឡើយ លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការចូលរួមសម្អាតទាំងអស់គ្នា ទើបអនាម័យបរិស្ថានបាន​ស្អាត​ជារៀងរហូតបាន ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបន្តទៀតថា ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ​យើងអាក់ខានក្នុងការប្រារព្ធទិវានេះឡើង ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបានចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាឱកាសមួយក្នុងការ​បើក​ដំណើរសេដ្ឋកិច្ចប្រទេសឡើងវិញ ហើយក៏ជាឱកាសមួយដែលយើងអាចប្រារព្ធពិធី ឬទិវាផ្សេងៗទៀតបាន តែក្នុងរបៀបរបបបែបថ្មី ដោយត្រូវរក្សាគម្លាត ពាក់ម៉ាស បាញ់អាល់កុល វាស់កម្ដៅ ជាដើម ៕