ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផ្តល់អំណោយដល់ពលរដ្ឋក្រីក្រ ២០០គ្រួសារ នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម


(កំពង់ចាម)៖ ដើម្បីចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចាត់តំណាងឲ្យយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២០០គ្រួសារ នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺលោក ជឹង ប៊ុនធេង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំយកអំណោយទាំងនេះ ទៅចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកងមាស ខេត្តកំពង់ចាម។

លោក ជឹង ប៊ុនធេង បានថ្លែងឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, មីម៉ាម៉ា ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ និងថវិកា ៤០,០០០រៀល។ បើសរុបជាទឹកប្រាក់ មានចំនួន ២៩,០០០,០០០រៀល ឬស្មើនឹង ៧,២៥០ដុល្លារអាមេរិក។

ក្នុងឱកាសសំណេះសំណាល លោក ជឹង ប៊ុនធេង ក៏បាននាំការផ្តាំផ្ញើពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដល់ប្រជាពលរដ្ឋ ត្រូវបន្តរៀនរស់ក្នុងគន្លងថ្មី ដោយសម្របខ្លួនជាមួយនឹងជំងឺកូវីដ១៩ ព្រោះវាមិនទាន់រលាយបាត់ទៅណានោះទេ ទោះបីជារាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ បន្ទាប់ពីគ្រប់គ្រងបានជោគជ័យយ៉ាងខ្លាំងក៏ដោយ។ ជាពិសេសនោះ ត្រូវបន្តការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ ដោយត្រូវអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន។

តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំភ្លេចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅពេលខាងមុខនេះ ជូនដល់គណបក្សប្រជាជនកម្ពុជា ដែលគណបក្សនេះតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

ពាក់ព័ន្ធនឹងការចែងអំណោយដល់ប្រជាពលរដ្ឋទាំងនេះ បើតាមលោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថា ចាប់តាំងពីព្រឹត្តការណ៍សហគមន៍២០-កុម្ភៈ ស្រុកកងមាស បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលប្រជាពលរដ្ឋមានការភ័យខ្លាច មិនសូវហ៊ានចេញប្រកបការងារធ្វើអាជីវកម្ម ដែលធ្វើប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។

កន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់
និងការលំបាករបស់ប្រជាពលរដ្ឋក្នុងស្រុកកងមាស ជាពិសេសប្រជាពលរដ្ឋ ឃុំពាមជីក ដែលធ្លាប់ផ្តល់ជូននូវ ផ្លូវបេតុង ប្រវែង៥៦១ម៉ែត្រ ចែកជូនសម្ភារៈ ព្រមទាំងសមិទ្ធិផលជាច្រើនទៀត។ ថ្មីៗនេះ នៅក្នុងខែឧសភា ឆ្នាំ២០២១ ក៏បានឧបត្ថម្ភស្បៀងជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំពាមជីកង ចំនួន ១៦១គ្រួសារ
និងម៉ាស់ចំនួន ១០,០០០សន្លឹកផងដែរ។ តាមរយៈការពិនិត្យរបស់អាជ្ញាធរភូមិ-ឃុំ នៅមានប្រជាពលរដ្ឋ ២០០គ្រួសារទៀត ដែលទទួលអំណោយនាពេលនេះ មានជីវភាពខ្វះខាត ដែលត្រូវការការជួយអន្តរាគមន៍បន្ទាន់។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយរូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់អំណោយយ៉ាងទាន់ពេលវេលាដល់ពួកគាត់៕