សម្តេចតេជោ ហ៊ុន សែន អញ្ជើញ មកកាន់តំបន់ព្រំដែនកម្ពុជា វៀតណាម(ចំណុចប្រវត្តិសាស្ត្រទី២)


នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានធ្វើដំណើរដោយរថយន្តចាកចេញពីសាលាបឋមសិក្សា ហ៊ុន សែន កោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំក្នុងចម្ងាច១៤គម តែក្នុងសម័យនោះសម្តេចតេជោធ្វើដំណើរតាមផ្លូវកាត់ក្នុងចម្ងាច៩.៩គម ដែលការធ្វើដំណើរពេលនេះអមដោយឯកឧត្តម នុជ ថន ឯកឧត្តម វ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូបានមកដល់ចំណុចប្រវត្តិសាស្ត្រទី២ ត្រង់ព្រំប្រទល់កម្ពុជា វៀតណាម ដើមត្រយឹង។
បន្ទាប់ពីបានអញ្ជើញ អុចធួបសុំសេចក្តីសុខនៅទីនេះរួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រៀបរាល់ដោយទឹកភ្នែកពីរឿងរ៉ាវដ៏ឈឺចាប់នៅទីនេះ។ សម្តេចតេជោបានថ្លែងថា សម្តេចបានយកជីវិតមកធ្វើដើមទុន ដើម្បីធ្វើការ តស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃ ចលនា រំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥ ។ នៅត្រង់ចំនុចនេះសម្តេចតេជោ ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំ ដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាច ត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ តើវៀតណាមអាចចាប់បញ្ជូនមកអោយប៉ុល ពតវិញឬទេ?។
ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ។ សម្តេចតេជោ ពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយាដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។ បន្ទាប់ថ្លែងរឿងរ៉ាវដ៏ជូចត់ ប្រាប់ដល់អង្គទូត ក្រុមប្រតិភូ និងក្រុមអ្នកសារព័ត៌មានរួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយឯកឧត្តម នុជ ថន និងឯកឧត្តម វ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូធ្វើដំណើរដោយថ្មើរជើង ពីព្រំប្រទល់កម្ពុជាត្រង់ចំណុចដើមត្រយឹង ឆ្លងចូលព្រំប្រទល់ប្រទេសវៀតណាមដល់ភូមិ ថាញ់ តី ឃុំឡុក តឹន ស្រុកឡុកនិញ ខេត្តប៊ិញ ហ្វឿក រួចបន្តដំណើរដោយរថយន្តមកចំណុចប្រវត្តិសាស្ត្រទី៣ ជាបន្តទៀត៕