សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់និងថែរក្សាសុខភាព ពីការឆ្លងជំងឺអេដស៍


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនំាតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាប្រធានកាកបាទក្រហមកម្ពុជា បានណែនាំឱ្យប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់និងថែរក្សាសុខភាព ដើម្បីជៀសផុតពីការឆ្លងជម្ងឺអេដស៍ ព្រមទាំងបង្ការការចម្លងមេរោគអេដស៍នេះ ចូលមកក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ ” បញ្ចប់វិសមភាព បញ្ចប់អេដស៏ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល ” ​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចូលរួមផ្សព្វផ្សាយដល់ប្រជាជននៅតាមមូលដ្ឋាន និងសហគមន៍ ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ជាពិសេសស្ត្រីមានផ្ទៃពោះ ដែលមានផ្ទុកមេរោគអេដស៍ឱ្យបានទទួលសេវាថែទាំ និងព្យាបាលបានទាន់ពេលវេលា, ក្នុងនោះ យើងបានទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ជាមួយនឹងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន បានរហូតដល់ ៩០%។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម ដើម្បីសុខុមាលភាពគ្រួសារ និងសង្គមដូចជា ៖ ១- សូមបងប្អូនប្រជាពលរដ្ឋ, ក្មួយៗ យុវជន យុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការ ការចម្លងមេរោគអេដស៍ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ឱ្យបានតាមការគ្រោងទុក ។ ២- ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលទាន់ពេលវេលា។ ៣- ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។ ៤- ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៏ និង ជំងឺអេដស៍ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ៥- ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ និង៦- ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និងជំងឺអេដស៍, សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន,រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល *៣ ការពារ ៣ កុំ”ដើម្បីធានាសុខុមាលភាពគ្រួសារ, សហគមន៍ និងសង្គមជាតិយើង៕