រដ្ឋបាលខេត្តរតនគិរី រៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងឧបករណ៍ស្ដង់ដាមនុស្សធម៌


នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងឧបករណ៍ស្ដង់ដាមនុស្សធម៌ នៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង តំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងឯកឧត្តម លន់ សុភាព អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ភឿក សុខ តំណាង ADPC ប្រចាំកម្ពុជា លោក ស្រី កុសល នាយកប្រតិបត្តិអង្គការ PADEK គ្រូបង្គោលក្រុងស្រុក និងសិក្ខាកាមជាច្រើនរូបទៀតផងដែរ។

មានប្រសាសន៍នាឱកាសនេះឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរីបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ និងជួយសម្រួលដល់ក្រុមការងារមន្ត្រីបង្គោលទាំងថ្នាក់ខេត្ត និងថ្នាក់ក្រុងស្រុក ឲ្យមានឱកាសរំលឹកឡើងវិញ នូវចំណេះដឹងដែលទទួលបានកន្លងមក អំពីប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤។ ឯកឧត្តមអភិបាលរងខេត្តបន្ថែមថា ការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ ការកាត់បន្ថយបានជាអតិបរមា នូវការប៉ះពាល់ និងខូចខាត គឺជាការចូលរួមចំណែក ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនាឱកាសនេះ ឯកឧត្ដម ប្រាក់ គីមហុង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤ បានរៀបចំនិងបង្កើតឡើងដោយអង្គការភីន (People In Need) និងសហការជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តល់ជូននូវបច្ចេកវិទ្យា ដើម្បីផ្ញើសារជាសំឡេងទៅកាន់អ្នកចុះឈ្មោះ ប្រើប្រាស់ប្រព័ន្ធនូវរាល់ព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិដែលអាចកើតឡើងនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមសង្ឃឹមជឿជាក់ថា លោកលោកស្រីសិក្ខាកាមទាំងអស់ នឹងចូលរួមយ៉ាងផុសផុល ដោយចែករំលែកនូវបទពិសោធន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្ដែងពាក់ព័ន្ធ នឹងការប្រើប្រាស់ប្រព័ន្ធប្រកាសអោយដឹងមុន១២៩៤ ដើម្បីជាករណីសិក្សាជាក់ស្ដែងគោលក្នុងការរកដំណោះស្រាយ ជាពិសេសឯកឧត្ដមសង្ឃឹមជឿជាក់ថាសិក្ខាកាមទាំងអស់នឹងបញ្ចេញនូវមតិយោបល់ និងបំណងប្រាថ្នារបស់ខ្លួន ដើម្បីពិភាក្សានិងទទួលបាននូវចំណេះដឹងល្អៗ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ៕