ជំនួយវ៉ាក់សាំង៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំង២គ្រឿងរបស់កម្ពុជា នឹងត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង ថ្ងៃសុក្រសប្តាហ៍នេះ


ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ដែលជាទឹកចិត្តសប្បុរសរបស់កម្ពុជា ក្នុងការជួយដល់ប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងត្រូវប្រគល់ដល់រដ្ឋាភិបាលឡាវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ពិធីប្រគល់វ៉ាក់សាំងធ្វើឡើងនៅព្រំដែនកម្ពុជា-ឡាវ ចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង ដោយភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជំនួយថវិកាទាំង១៣លានដុល្លារនេះ មាន៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។

ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕