ពលរដ្ឋចំនួន៥៤៥ គ្រួសារ ក្នុងក្រុងកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន


(កំពង់ចាម)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរា ក្នុងក្រុងកំពង់ចាម សរុបចំនួន ៥៤៥នាក់ បានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំណោយទាំងអស់នោះ បានដឹកនាំរៀបចំផ្ដល់ជូន ដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយអនុវត្តទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យយកចិត្តទុកដាក់អំពីជីវភាព ក៏ដូចជាសុខមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ក្នុងរដូវរងានេះ។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្តកំពង់ចាម បានរួមគ្នាជាមួយសប្បុរសជននានា នាំមកនូវអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃយើង មកចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ដែលមានចំនួនសរុប ៥៤៥នាក់។

ឯកឧត្តមបានបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុ បានចុះត្រជាក់ជាលំដាប់ ក្នុងខេត្តកំពង់ចាម អាចត្រជាក់ក្នុងកម្រិត ១៧អង្សានាពេលខាងមុខនេះ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមអោយខិតខំបន្តការពារខ្លួនថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីយកឈ្នះលើការបម្រែបម្រួលអាកាស ធាតុនឹងរួចចាកផុតពីជម្ងឺផ្សេងៗ។

ជាងនេះទៅទៀត វិធីការពារដ៏ប្រសើរនោះ គឺសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំ ការពារការឆ្លងជំងឺកូវីដ១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៥៤៥នាក់នាពេលនោះ ក្នុងនោះ រួមមាន៖ ចាស់ជរាគ្មានទីពឹងចំនួន ៤១១នាក់ ទទួលបាន ១នាក់ អាវរងា១, អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកស៊ីអីវ ១យួរ,។ ដោយឡែកប្រជាការពារក្នុងក្រុងកំពង់ចាមចំនួន ១២៩នាក់ ក្នុង១នាក់ ទទួលបាន៖ អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកស៊ីអីវ ១យួរ៕