កម្ពុជា-ឥណ្ឌូនេស៊ី ចង់បើកជើងហោះហើរត្រង់ឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ ធូរស្រាល


(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ឥណ្ឌូនេស៊ី បានបង្ហាញអំពីបំណងរួមគ្នា ក្នុងការបើកដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាល។

ការបង្ហាញឆន្ទៈក្នុងការបើកដំណើរការជើងហោះហើរត្រង់នេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ នៅឯវិមានសន្តិភាព។

ក្រោយបញ្ចប់ជំនួបនេះ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមានការបើកជើងហោះហើរឡើងវិញរវាងប្រទេសទាំងពីរ ដោយសារតែស្ថាភាពកូវីដ១៩ ពេលនេះ មានលក្ខណៈល្អប្រសើរវិញហើយ ដូច្នេះការបើកឡើងវិញដោយការតភ្ជាប់ជើងយន្តហោះនេះជារឿងមួយដ៏សំខាន់។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានសម្តែងភាពរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសការតភ្ជាប់ជើងយន្តហោះរវាងប្រទេសកម្ពុជា ដែលលោកជំទាវ បានចាត់ទុកថា ជារឿងសំខាន់។

លោកជំទាវ ចាត់ទុកថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា ដែលមាន៨៨ភាគរយ គឺជាអត្រាខ្ពស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែកជាបណ្តើរៗ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺរាតត្បាត កូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ៕