ឥណ្ឌូនេស៊ី គាំទ្រទាំងស្រុងចំពោះកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយនេះ


(ភ្នំពេញ)៖ ប្រមុខការទូតឥណ្ឌូនេស៊ី បានបញ្ជាក់ថា ឥណ្ឌូនេស៊ី បានគាំទ្រ១ពាន់ភាគរយ ចំពោះការធ្វើប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំក្រោយនេះ។

ការបង្ហាញការគាំទ្រដ៏លើសលប់នេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ នៅឯវិមានសន្តិភាព។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះការគាំទ្រដ៏ពេញទំហឹងរបស់ឥណ្ឌូណេស៊ីចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី ជាទំនាក់ទំនងយ៉ាងល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានរំលេចអំពីការងារមួយចំនួន នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ ជាពិសេសសម្តេចគូសបញ្ជាក់អំពីការកសាងសហគមន៍អាស៊ាន ការជំរុញពង្រឹងអាស៊ាន ជាពិសេសទៀតការបន្តផ្តល់អាទិភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាបើកបណ្តាប្រទេសអាស៊ានដោយតភ្ជាប់ឡើងវិញ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំក្រោយនេះ បន្តពីប្រទេសប្រ៊ុយណេ៕