សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានដឹកនាំប្រតិភូគណបក្សចូលរួមសន្និសីទអន្តរគណបក្សអន្តរជាតិ ក្រោមប្រធានបទ ( បញ្ហាប្រឈមជាសកលក្នុងសតវត្សរ៍ទី ២១: ទស្សនទានស្ដីពីអន្តរគណបក្ស )


នារសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម Dmitry Medvedev ប្រធានគណបក្សរុស្ស៊ីរួបរួម សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រតិភូគណបក្សចូលរួមសន្និសីទអន្តរគណបក្សអន្តរជាតិ ក្រោមប្រធានបទ “បញ្ហាប្រឈមជាសកលក្នុងសតវត្សរ៍ទី ២១: ទស្សនទានស្ដីពីអន្តរគណបក្ស” ដែលរៀបចំដោយគណបក្សរុស្ស៊ីរួបរួម ដើម្បីរឹលឹកខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃបង្កើតគណបក្សរុស្ស៊ី តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាគណបក្សនយោបាយ ក្នុងតំបន់ និងពិភពលោកប្រមាណជាង៣០ គណបក្ស ។
ថ្លែងទៅកាន់សន្និសីទ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងគណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវការអបអរសាទរ ដោយស្មោះជូនចំពោះគណបក្សរុស្ស៊ីរួបរួម ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធ ខួបលើកទី២០ នៃថ្ងៃបង្កើតគណបក្ស និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលគង់វង្សឋិតថេរជាដ៏រាបមក ។
សម្តេចបានសម្ដែងនូវការកោតសរសើរដោយស្មោះ ជូនចំពោះគណបក្សរុស្ស៊ីរួបរួម និងឯកឧត្តម ឌីមីទ្រី មេវេដេវ ដែលបានរៀបចំសន្និសីទអន្តរគណបក្សដ៏សំខាន់មួយនេះឡើង។ សម្តេចបានបញ្ជាក់ថាយើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយហេតុថា សហគមន៍ អន្តរជាតិ កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់ឃើញមានពីមុនមក។ ខណៈពេលដែលយើងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និង នយោបាយ ដែលបង្កឡើងដោយជំងឺកូវីដ-១៩ យើងក៏កំពុងមានសម្ពាធកាន់តែខ្លាំង ដែលកើតចេញពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់, ការកើនឡើងនៃទំនោរឯកតោភាគីនិយម និងគាំពារនិយម និងបញ្ហាប្រឈមខាងសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីជាច្រើនទៀត។ ក្នុងបរិបទនេះ គណបក្សនយោបាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតនិម្មាបនកម្មតំបន់ ដែលបម្រើឲ្យសន្តិភាព ស្ថិរភាព និង វិបុលភាព ដែលជាផលប្រយោជន៍រួមនៃយើងទាំងអស់គ្នា តាមរយៈ ការបង្កើន នវានុវត្តន៍ និងធ្វើសកម្មភាពប្រកបដោយបុរេសកម្ម ។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងគណបក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចែករំលែកជាមួយសន្និសីទនូវទស្សនៈមួយចំនួនដូចខាងក្រោម ៖
ទី១- យើងត្រូវផ្តោតលើកិច្ចការដ៏បន្ទាន់បំផុតរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដោយក្នុងនោះ យើងត្រូវធានានូវគោលការណ៍វ៉ាក់សាំងពហុភាគីនិយម និងរួមគ្នាកសាងអនាគតដ៏រឹងមាំមួយ តាមរយៈការលើកកម្ពស់អភិបាលកិច្ចសុខភាពសកល។
ទី២-យើងត្រូវធ្វើការរួមគ្នា ដើម្បីជំរុញការស្ដារស្ថានភាពឲ្យបានល្អប្រសើរឡើងវិញ ក្រោយពេល ជម្ងឺកូវីដ-១៩បញ្ចប់ ដោយត្រូវពង្រឹងគោលការណ៍សកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូបនីយកម្ម សម្រាប់វិស័យពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការលើកស្ទួយប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងកែលម្អស្ថានភាពខ្សែច្រវាក់ផ្គត់ផ្គង់មួយប្រកបដោយស្ថិរភាព។
ទី៣- ដើម្បីការពារ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក យើងត្រូវលើកកម្ពស់ប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងនិម្មាបនកម្មតំបន់ សម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលមានលក្ខណៈ បើកចំហ យុត្តិធម៌ ស្ថិរភាព និងអាចព្យាករណ៍បាន ដោយផ្អែកលើគោលការណ៍គោរព និងយោគយល់គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងសូមបញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹងរបស់យើង ចំពោះមជ្ឈភាពអាស៊ាន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ ដែលជាផ្នែកមួយនៃពិភពលោក របស់យើង។
ជាចុងក្រោយ យើងត្រូវជំរុញជានិច្ច នូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នា តាមរយៈការផ្លាស់ប្តូរទស្សនៈប្រកបដោយភាពបើកចំហ និងស្មោះត្រង់ដោយផ្អែកលើការគោរព និងការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍រួមគ្នា។ ក្នុងន័យនេះ កិច្ចសន្ទនារវាងគណបក្សនយោបាយ តួយ៉ាងដូចជាព្រឹត្តិការណ៍របស់យើងនា ថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្រួមទស្សនៈយល់ខុសរវាងគ្នា និងធ្វើឱ្យប្រសើរឡើងនូវភាពយោគយល់គ្នាទៅវិញទៅមកក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរបស់យើងនៅក្នុងផ្នែកនានា។