ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត


ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ប្រកបដោយឧត្តមគតិដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយបានប្រកាសជាសាធារណៈគាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រី នាពេលអនាគត បន្ទាប់ពីសម្តេចតេជោ។

ក្នុងនាមជាថ្នាក់ដឹកនាំចាស់វស្សាមួយរូបនៅថ្នាក់ជាតិ ក៏ដូចជាក្នុងគណបក្ស ខ្ញុំពិតជាយល់ពីសារៈសំខាន់នៃការជ្រើសរើសអ្នកបន្ដវេន ដែលប្រកបដោយសមត្ថភាព ទេពកោសល្យ និងបទពិសោធ ដើម្បីរក្សាសន្ដិភាពសម្រាប់នាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពរីកចម្រើនជានិច្ច។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរមួយរូប និងជាឥស្សរជនវ័យក្មេងដ៏លេចធ្លោរបស់កម្ពុជា ដែលពោរពេញទៅដោយចំណេះដឹង សមត្ថភាព បទពិសោធ គុណធម៌ សីលធម៌ ដែលទទួលបានការកោតសរសើរទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ និងសក្តិសមបំផុត ក្នុងការទទួលបាននូវតំណែងដ៏មានសារៈសំខាន់នេះ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកអព្យាក្រឹតភាព និងវឌ្ឍនភាពយ៉ាងពិតប្រាកដ។

ជាថ្មីម្ដងទៀត ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញលេញ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការប្រកាសគាំទ្របេក្ខភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្ដីតាមរយៈការបោះឆ្នោត នាពេលអនាគត។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថាឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីដ៏ឆ្នើម និងវៃឆ្លាត ដោយរក្សាបាននូវ ស្ថិរភាព សុខសន្ដិភាព បូរណភាពទឹកដី ការអភិវឌ្ឍ និងភាពសម្បូរសប្បាយ រុងរឿង ជានិច្ច ជូនប្រទេសជាតិ និងប្រជាជនកម្ពុជាទូទៅ៕