គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន១៥០គ្រួសារ ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេរភូមិន្ទ ទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


ព្រឹកថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ១៥០គ្រួសារ ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ពិធីនេះមានការអញ្ជើញចូលរួមដោយ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ ឈឺ វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ អ៊ីម៉ាំខេត្ត អាជ្ញាធរដែនដី និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ។
ឯកឧត្តម បានផ្តាំផ្ញើរក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្តីនឹករលឹកពីចម្ងាយ ។
ឯកឧត្តម សុះ មុះសិន បានមានប្រសាសន៍ថា ទោះបីប្រទេសយើងបានបើកឡើងវិញក៏ពិតមែន អាចធ្វើរដំណើរឆ្លងប្រទេស និងវិស័យផ្សេងៗបានបើកឡើងវិញជាបន្ដបន្ទាប់ក៏ដោយតែយើងទាំងអស់គ្នាត្រូវចាំថាជំងឺកូវីដ១៩ គឺនៅតែបន្ដចម្លងជារៀងរាល់ថ្ងៃ ព្រមទាំងមានអ្នកស្លាប់ផងដែរ ។មួយរយៈពេលកន្លងមកនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្ដីប្រកាសថាជំងឺកូវីដ១៩ ឥឡូវនេះបានបំប្លែងខ្លួនថ្មី ទៅជាជំងឺមួយទៀតដែលមានឈ្មោះថា OMICRON (អូមីក្រុង) ឬហៅកាត់ VOV ជំងឺនេះវាមានឥទ្ធិពលខ្លាំងដែលអាចឆ្លងលឿន និងអាចសម្លាប់មនុស្ស បានរហ័សជាងជំងឺកូវីដ១៩ និងជំងឺកូវីដ១៩ Delta ។ឯ,ឧ ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អដោយត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី និងចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លង និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ ឲ្យបានក្នុងពេលដ៏ខ្លីខាងមុខ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
សូមបញ្ជាក់ថាអំណោយដែលចែកជូនរួមមាន៖ អង្ករ ២២៥០គីឡូ មី ១៥០០កញ្ចប់ អំបិល ១៥០គីឡូក្រាម ត្រីខ ៤៥០កំប៉ុង ប្រេងឆា ១៥០ដប និងទឹកត្រី ៦០០ ដប ។អំណោយខាងលើនេះក្រោមការឧបត្ថម្ភរបស់អង្គការមូស្លិមហេលហ្វិននៃប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ។ក្នុងកម្មពិធីនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បាន ឧបត្ថម្ភ ភួយចំនួន ១៥០សម្រាប់ប្រជាពលរដ្ឋផងដែរ ។