ឯកឧត្តម វេង សាខុន ជួបពិភាក្សាការងារជាមួយ នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.,Ltd មកពីខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន


កាលពីវេលាម៉ោង ៣ និង០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក Xu Yihui នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.,Ltd មកពីខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា ជាពិសេស លើការប្រមូលផលស្រូវ​ ផលិតកម្មស្រូវ ស្រូវបំរុង និងការបញ្ចេញស្រូវ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ចំពោះគណប្រតិភូក្រុមហ៊ុន ដែលបានអញ្ជើញមកកម្ពុជា និងជាពិសេសមកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាពីស្ថានភាពកសិកម្មនៅកម្ពុជា និងពិនិត្យមើលនូវលទ្ធភាពនៃការចាប់ដៃគូកិច្ចសហប្រតិបត្តិរវាងរដ្ឋ និងឯកជន។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ដែលកន្លងមកបានអញ្ជើញគណប្រតិភូកម្ពុជា ទៅពិនិត្យមើលនូវស្ថានភាពនៃការទុកដាក់ស្រូវ ការវេចខ្ចប់ និងចែកចាយផលិតផលកសិកម្មផ្សេងៗនៅក្នុងប្រទេសចិន និងសម្រាប់ការនាំចេញ ដែលនេះជាការស្តែងចេញនូវ​ការសហការល្អរវាងកម្ពុជា និងចិន ក្នុងការចែករំលែកនូវបទពិសោធន៏ល្អៗសម្រាប់ធ្វើការអភិវឌ្ឍន៏នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក Xu Yihui បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតអោយលោក និងសហការីបានចូលជួបពិភាក្សាការងារ។ លោកបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងសហការីលើកនេះ គឺដើម្បីពិនិត្យមើលនូវទំហំនៃការដាំដុះ និងផលិតកម្មស្រូវនៅកម្ពុជា។ បន្ទាប់មកលោកបានណែនាំពីក្រុមហ៊ុនរបស់លោក ដោយក្រុមហ៊ុនរបស់លោកមានលទ្ធភាពស្តុកស្រូវចំនួន ៣០០ ០០០តោនក្នុងមួយឆ្នាំ។ លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការស្តុកស្រូវ ដែលអាចរក្សាគុណភាពបានរហូតដល់ ៣ឆ្នាំ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោកអាចនឹងចាប់ដៃគូសហការជាមួយកម្ពុជាក្នុងការស្តុកស្រូវ និងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រោះថាបច្ចុប្បន្នតម្រូវការអង្ករនៅទីក្រុង Xiamen មានការកើនឡើងដល់ ៤៣០ ០០០តោនក្នុងមួយឆ្នាំ។ ទន្ទឹងនឹងនេះក្រុមហ៊ុនរបស់លោកក៏មានបំណងនាំយកនូវប្រភេទពូជស្រូវ ពីទីក្រុងរបស់លោក មកដាំដុះនៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីក្រុងលោក។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានចាប់អារម្មណ៏ទៅនឹងគម្រោងចាប់ដៃគូសហការរបស់ក្រុមហ៊ុន Hao Nian Dong នៅកម្ពុជា ព្រោះថាគម្រោងនេះនឹងចូលរួមគាំទ្រដល់គោលនយោបាយនាំចេញអង្ករអោយបាន ១លានតោនក្នុងមួយឆ្នាំ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ហើយបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ កំពុងចាត់អោយអគ្គនាយកដ្ឋានកសិកម្មពិនិត្យមើលនូវការប្រើប្រាស់ប្រភេទពូជថ្មីអោយស្របទៅនឹងតម្រូវការទីផ្សារ និងពង្រីកលទ្ធភាពឃ្លាំងស្តុកស្រូវអោយបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការនាំចេញនាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមលើកស្ទួយវិស័យកសិកម្ម ហើយ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រមទាំងសង្ឃឹមថារដ្ឋាភិបាលចិន នឹងបន្តបង្កើនកូតានៃការនាំចូលអង្ករពីកម្ពុជាបន្ថែមទៀតផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថារដ្ឋាភិបាលចិន នឹងពិចារណាសហការគាំទ្រគម្រោងឃ្លាំងស្តុកស្រូវនៅកម្ពុជានេះ ជាមួយនឹងការនាំមកនូវគំនិតច្នៃប្រឌិតថ្មីៗរបស់ចិនមកកាន់កម្ពុជា ព្រមទាំងផ្តល់នូវភាពជឿទុកចិត្តដល់គុណភាពអង្ករកម្ពុជាផងដែរ។