នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបានទទួលប័ណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធ សំរាប់ភូមិនីមួយៗនាពេលនេះ។ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរដែនដី ជាច្រើនរូប បានចូលរួមផងដែរ។
នាឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តយើងនេះ ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
ឯកឧត្តម បន្តថា ពាក់ព័ន្ធនឹងកិច្ចការងារទាំងនេះ ឯកឧត្តម សូមកោតសរសើរចំពោះ គណ:កម្មការរដ្ឋបាលខេត្ត ដែលដឹកនាំដោយ លោក លី សំរិទ្ធ ជាប្រធានគណ:កម្មការរដ្ឋបាលខេត្ត រដ្ឋបាលស្រុកសូទ្រនិគម និងមន្ទីរ-អង្គភាពពាក់ព័ន្ធជាសមាជិក ដែលបានខិតខំអនុវត្តការងារចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធក្នុងភូមិចំនួន ៤ នៃឃុំដំដែក រហូតសម្រេចបានការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ប្រើប្រាស់ស្របច្បាប់។
បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធនានា បានអនុវត្តការងារចុះបញ្ជីដីធ្លីនេះ ទទួលបានលទ្ធផលជាច្រើន ហើយក៏បានពង្រីកការចុះបញ្ជីដីធ្លី ដែលមានលក្ខណ:ជាប្រព័ន្ធ សរុបបានចំនួន ៦ក្រុង-ស្រុក រួមមាន៖ ក្រុងសៀមរាប, ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម, ស្រុកក្រឡាញ់ និងស្រុកជីក្រែង។ ដូចនេះ ដើម្បីជម្រុញឲ្យកិច្ចការនេះដំណើរការបានកាន់តែល្អប្រសើរ និងទទួលបានជោគជ័យតាមផែនការគ្រោងទុករបស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋ បន្តការចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារមន្ទីរជំនាញ ដើម្បីបន្តការងារចុះបញ្ជីដីធ្លីនេះឲ្យបានល្អប្រសើរថែមទៀត។
តាមការលើកឡើងរបស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តថា មានចំនួន ៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក បានអនុវត្តតាមនីតិវិធី និងគោលការណ៍ នៃការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធរហូតដល់សម្រេចបានការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការស្របតាមច្បាប់នោះ គឺភូមិក្រសារទុំ មានក្បាលដីសរុប ៩៧០ ដែលក្នុងនោះក្បាលដីចំនួន៨៣០ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន, ភូមិដំដែកថ្មី មានក្បាលដីសរុប ៣១៦ ក្នុងនោះក្បាលដីចំនួន ២៩៦ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន, ភូមិស្រែធ្នង់ មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៥១១ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន និងភូមិបុស្ស មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៣៧២ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន។ ដោយឡែក ក្បាលដីមួយចំនួនទៀត ដែលនៅសល់ ពុំទាន់អាចចេញប័ណ្ណជូន ដោយសារតែក្បាលដីទាំងនោះជាក្បាលដី គ្មានទិន្នន័យ ជាប់ពាក់ព័ន្ធបណ្តឹងទប់ស្កាត់ ការជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ ប្រឡាយ ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋានជាដើម៕