ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ


ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តក្រចេះ កាលពីថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

អគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនោះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជូនមកកម្ពុជា។ អគារមួយខ្នងកម្ពស់២ជាន់នេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានបណ្ដោយ៥២ម៉ែត្រ ទទឹង ២១ម៉ែត្រ កម្ពស់២ ជាន់ មាន១៩ បន្ទប់ចំណាយថវិកាសាងសង់អស់ប្រមាណជាង៩០ម៉ឺនដុល្លារអាម៉េរិក។

ឯកឧត្តម ម៉ាស្សាហ៊ីរ៉ូ មីកាមិ អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា អគារកម្ពស់២ ជាន់ដ៏ថ្មីសន្លាងនេះគឺជាសក្ខីភាពនៃសកម្មភាពដ៏ស្វាហាប់របស់អង្គការ FIDR ប្រចាំនៅកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបញ្ជាក់ទៀតថា អគារវះកាត់ និងសម្ភពដ៏ទំនើបនេះនឹងជួយសម្រួលបន្ទុក គ្រូពេទ្យ និងអ្នកជំងឺក្នុងការវះកាត់តូច ធំ និងផ្នែកសម្ភពដោយមិនចាំបាច់បញ្ជូន ទៅមន្ទីរពេទ្យ រាជធានីភ្នំពេញទៀតឡើយ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន និងអង្គការ FIDR ប្រចាំកម្ពុជាដែលបានគាំទ្រដល់ ព្រះរាជាណាចក្រកម្ពុជា និងផ្តល់ជំនួយអភិវឌ្ឍលើវិស័យសំខាន់ៗ ជាពិសេសក្នុងវិស័យ សុខាភិបាលដូច ជាការផ្ដល់ជូននូវអគារវះកាត់ និងសម្ភព ដែលត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់នាថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវកាអរគុណ ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា និងសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ និង សហការយ៉ាងល្អ ដែលធ្វើឱ្យសេវាសុខាភិបាលនៅតាមមន្ទីរ ទេព្យកាន់តែមាន ប្រសិទ្ធភាព បម្រើដល់ការព្យាបាលជំងឺជូនប្រជាជនកាន់តែប្រសើរឡើង។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនិងប្រជាជន ជប៉ុន តែងតែផ្តល់ជំនួយ និងគាំទ្រក្នុងការអភិវឌ្ឍវិស័យសុខាភិបាលទាំងថ្នាក់ជាតិរហូតដល់ថ្នាក់ ក្រោមជាតិទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារ ការអភិវឌ្ឍធនធាន មនុស្ស ឆ្លើយតប នឹងគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាព ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុង ការអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពរីកចម្រើលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ត្រូវខិតខំយកចិត្តទុកដាក់ដោយ ភាពអត់ធ្មត់ក្នុងការព្យាបាលជំងឺជូនប្រជាជនប្រកបដោយក្រមសីល ធម៌វិជា្ជជីវៈ និងសូម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវះកាត់ និងសម្ភព នៃមន្ទីរពេទ្យបង្អែក ខេត្តក្រចេះចាប់ពីពេលនេះតទៅ៕