សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលជានិស្សិតកម្ពុជាចំនួន ៦១ នាក់ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ


នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២១៧ វេលាម៉ោង១៥:០០ សម្តេចប្រធានរដ្ឋសភាបានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចំនួន ៦១ នាក់ បានជួបសំណេះសំណាលនៅសណ្ឋាគារ ឡែនម៉ាក ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានសម្តែងការកោតសរសើរចំពោះ ក្មួយនិស្សុតដែលបានខិតខំប្រឹងប្រែង តស៊ូសិក្សារៀនសូត្រតាមមុខវិជ្ជារៀងខ្លួន ទោះបីជានៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ បងប្អូន ជាពិសសេសពីមនុស្សជាទីស្រលាញ់របស់ខ្លួន។ ជាមួយគ្នានេះសម្តេចប្រធានក៏បានរំលឹកពីប្រវត្តិតស៊ូ ប្រយុទ្ធប្រឆាំងជាមួយពួកអាណានិគមនិយម ចក្រពត្តនិយម និងការវាយរំលំរបបប្រល័យពូជសាសន៌ប៉ុល ពត និងការស្តារអភិវឌ្ឍប្រទេស ទម្រាំទទូលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
សម្តេចប្រធានបានថ្លែងកោតសសើរក្មួយៗនិស្សិតថាពិតជាមានសំណាង និងឱកាសដ៏ថ្លៃថ្លាដែលបានក្នុងកាលទេសមួយដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពពេញលេញ។ ដូច្នេះក្មយៗត្រូវចាប់យកឱកាសមាននេះក្នុងការកសាងខ្លួនឲ្យជាធនធានមួយដ៏ល្អ និងមានគុណភាពសម្រាប់រួមចំណែកអភិវឌ្ឍ គ្រួសារ ក៏ដូចជាសង្គមជាតិទាំមូល។ សម្តេចប្រធានបានផ្តាំផ្ញើ និងផ្តល់ដំបូន្មានល្អៗដល់ក្មួយៗនិស្សិត ជាពិសេស ត្រូវខិតខំប្រឹងប្រែង តស៊ូ ព្យាយាម រៀនសូត្រឲ្យអស់ពីសមត្ថភាពដើម្បូទទួលបានសញ្ញាបត្រ និងបានវាយតម្លៃខ្ពស់ចំពោះចំណេះដឹងថាជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន សម្រាប់ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ។ ជាទីបញ្ចប់សម្តេចប្រធានបានជូនពរដល់ក្មួយៗនិស្សិតបានជោគជ័យក្នុងការសិក្សា និងមានសុខភាពល្អ។