ឯកឧត្ដម វ៉ា ថន ផ្តល់អំណោយកាកបាទក្រហមដល់ជនចាស់ជរាចំនួន ៥០នាក់ នៅក្នុងឃុំដំរី ផុង ស្រុកឆ្លូង


ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញផ្តល់អំណោយកាកបាទក្រហមដល់ជនចាស់ជរាចំនួន៥០នាក់ នៅក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្ត ក្រចេះ នៅព្រឹកថ្ងៃ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ ២០២១នេះ ។

អំណោយកាកបាទក្រហមកម្ពុជាខេត្ត ដែលឯកឧត្ដមអភិបាលខេត្តក្រចេះផ្តល់ជូនដល់ជនចាស់ជរាទាំង៥០នាក់នោះ គឺក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ជែលលាងដៃ១ដប ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និង អាវរងា១ ថវិកាចំនួន ៥ម៉ឺនរៀល ជាអំណោយផ្ទាល់របស់ឯកឧត្តម វ៉ា ថន និងលោកជំទាវ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានមានមតិសំណេះសំណាលដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ។ ឯកឧត្ដមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ។

ឯកឧត្តមអភិបាលខេត្តក្រចេះ ក៏បានបញ្ជាក់ជូនផងដែរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទោះបីនៅកម្ពុជាមានការថយចុះរួមនិងការបើកប្រទេសឡើងវិញលើគ្រប់វិស័យក៏ដោយ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការ ចូលរួមអនុវត្តវិធានសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារ៕ដោយជួន សុជាតិ សម្រួលផ្សាយដោយ៖ ធូ​ កុសល