រដ្ឋមន្ដ្រីក្រសួងអប់រំ អំពាវនាវដល់បណ្តាប្រទេសទាំងអស់ចូលរួមអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសកល ដើម្បីការគាំពារ កុមារតូច


រដ្ឋមន្ដ្រីក្រសួងអប់រំ បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់ចូលរួមអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសកល ដើម្បីការគាំពារ និងអភិវឌ្ឍកុមារតូចប្រកបដោយភាពជោគជ័យ។

ក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរថាតាមវីដេអូ Conference ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រភាពជាដៃគូសកល សម្រាប់ កុមារតូច ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយអង្គការយូណេស្កូ និងដៃគូសហការ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតសេវាបម្រើ ដល់សេចក្ដីត្រូវការរបស់កុមារតូច រួមមានការអប់រំមត្តេយ្យសិក្សា សុខភាព អាហារូបត្ថម្ភ អនាម័យ និងការការពារកុមារទូទាំងពិភពលោក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រទេសទាំងអស់គួរតែបន្ត សហការគ្នា ក្នុងការចែករំលែកបទពិសោធន៍ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កុមារទាំងអស់ទូទាំងពិភពលោក។

ឯកឧត្តមបញ្ជាក់ថា បេសកកម្មនេះគឺស្របតាមរបៀបវារៈឆ្នាំ២០៣០ ជាគោលការណ៍ស្នូលនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលត្រូវធានាបានថា កុមារទាំងអស់មានលទ្ធភាពទទួលបានការថែទាំ និងការអប់រំមត្តេយ្យសិក្សាប្រកបដោយគុណភាព ដើម្បីឱ្យពួកគេ អាចត្រៀមខ្លួនសម្រាប់សាលាបឋមសិក្សា៕