សម្តេចតេជោ ហ៊ុន សែន៖ ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុងសម្រាប់នាពេលអនាគតបានរៀបចំរួចហើយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុង ឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗ»

សម្តេចបានបន្ថែមថា ក្នុងសន្និបាតនោះនឹងមានការងារមួយចំនួនដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ។

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ក្រោយការប្រកាសនេះតំណាងក្រសួងស្ថាប័ន អង្គភាពនានា មន្រ្តីរាជការខ្ពង់ខ្ពស់ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា សមាគមន៍ និងវិស័យឯកជន បានចេញញត្តិគាំទ្រដល់ប្រសាសន៍ សម្តេចតេជោ និងកោតសរសើរពីភាពស័ក្តិសមនៃបេក្ខភាព លោក ហ៊ុន ម៉ាណែត។