ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវគោរពច្បាប់ វិន័យ និងបទបញ្ជា ដេីម្បីសំដៅថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ព ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ, ច្បាប់លក្ខន្តិកៈទូទៅ, បទវិន័យទូទៅ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សំដៅថែរក្សាឱ្យបានដាច់ខាតនូវ សុខសន្តិភាព។

ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងបូកគោ, តែងតាំងផ្លាស់ប្តូរមុខតំណែង, បំពាក់ឋានន្តរស័កិ្ត និងបញ្ចូលក្របខ័ណ្ឌពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងកំពត នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹងថា ដោយឡែក មេបញ្ជាការ មេបញ្ជាការរង គឺជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តើមចេញពីការគោរពឱ្យតម្លៃគ្នា និងការរក្សាគុណភាពនៃបរិមាណ តាមរយៈការបែងចែក តួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ ដោយឈរលើសិល្បៈ និងបច្ចេកទេសក្នុងការដឹកនាំ ប្រកបដោយសមធម៌ គុណធម៌ និងយុត្តិធម៌ បង្កើតបានជាទំនុកចិត្តរបស់ថ្នាក់ក្រោម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ក្នុងឱកាសដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្រ្តនេះ សូមចូលរួមអបអរសាទរចំពោះអង្គភាពថ្មី ផ្នែកសឹករងក្រុងបូកគោ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ដែលទទួលបាននូវឱកាសក្នុងការចូលរួមដឹកនាំ ពង្រឹង បម្រើ និងកសាងកងឯកភាពឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមអភិវឌ្ឍសហគមន៍ និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កងកម្លាំងគ្រប់ប្រភេទ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបញ្ជាក់ថា «កងទ័ព ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ, ច្បាប់លក្ខន្តិកៈទូទៅ, បទវិន័យទូទៅ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សំដៅថែរក្សាឱ្យបានដាច់ខាតនូវ សុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់របស់អ្នកជំនាន់មុន។

ដូច្នេះ ក្នុងនាមជាអ្នកជំនាន់ក្រោយ សូមពង្រឹងនូវគុណតម្លៃនៃការលះបង់ឱ្យបានដូចនឹងគំរូវីរភាពរបស់យោធិនជំនាន់មុន និងប្តេជ្ញាការពារដាច់ខាតនូវរាល់ សកម្មភាពទាំងទ្បាយណាដែលញុះញង់បំភ្លៃការពិត នាំឱ្យមានការបែកបាក់សាមគ្គីភាព ឯកភាពជាតិ បង្កចលាចល និងអស្ថិរភាពនយោបាយ និងសង្គម ក្នុងបំណងអូសទាញកម្ពុជា ឱ្យធ្លាក់ទៅក្នុងវិនាសកម្មដោយសារភ្នក់ភ្លើងសង្រ្គាមឡើងវិញ»

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងការចូលរួមជួយឧបត្ថម្ភគាំទ្រដល់ តំបន់ប្រតិបត្តិការសឹករងកំពត និងអង្គភាពចំណុះ រហូតមានការរីកចម្រើនរឹងមាំលើគ្រប់ស័យ ធានាបាននូវសមត្ថភាពបំពេញភារកិច្ចការពារជាតិ និងប្រជាជក្នុងគ្រប់កាលៈទេសៈទាំងអស់។

ក្រៅពីការងារងារសម្រាប់កងទ័ព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ប្រកបដោយភាពក្លាហាន និងការ ទទួលខុសត្រូវក្នុងការជ្រើសរើស និងបើកដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ រហូតប្រទេសកម្ពុជាអាចត្រូវបានបើកដំណើរឡើងវិញលើគ្រប់វិស័យ ដូចពេលនេះ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមអរគុណ និងកោតសរសើរចំពោះស្ថានប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក ក៏ដូច ជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋា ភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ, ក៏ដូចជាការយកចិត្តទុកដាក់ការពារខ្លួន, គ្រួសារ និងអង្គភាព ដោយបានខិតខំអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះមុខនេះ ដោយសារជំងឺនេះមិនទាន់បានសាបរលាបនៅទ្បើយ ដូច្នេះ សូមបន្តការប្រុងប្រយ័ត្ន និងបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង អង្គភាពយើង និងសហគមន៍យើង ជាពិសេសការបន្តត្រៀមលក្ខណៈអនុវត្តនូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៅពេលមានតម្រូវការ៕