អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ «​រំលឹក​គុណ​អង្គរ​»​រយៈពេល​បី​ថ្ងៃ​នៅ​រមណីយដ្ឋាន​អង្គរ


ប្រសិនជា​ពុំមាន​អ្វី​ប្រែប្រួល​ទេ អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ រយៈពេល​បី​ថ្ងៃ​ក្នុង​ខែធ្នូ​នេះ​។​ ​ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​នេះ​បាន​ស្រង់​សំដី​លោក ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​មក​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ពិធី​រំលឹក​គុណ​អង្គរ ចំនួន​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤​ដល់ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខ ដែលមាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍ និង​ការសម្ដែង​សិល្បៈ​បុរាណ​នៅពេល​រាត្រី​។ កម្មវិធី​នេះ នឹង​រៀបចំ​នៅមុខ ប្រាសាទអង្គរវត្ត បរិវេណ​ខាងមុខ​ប្រាសាទភ្នំបាខែង និង​ព្រះ​លានជល់ដំរី​ដោយ​រៀបចំ​ឱ្យមាន​ទស្សនីយភាព​ជាច្រើន​ដូចជា កម្មវិធី​បែប​សាសនា​សំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញ​សមិទ្ធផល​ការងារ​រយ​:​ពេល​២៩​ឆ្នាំកន្លងមក​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា និង​ស្នាដៃ​សិល្បៈ​ផ្សេងៗ​ដែលជា​ទំនៀមទម្លាប់​ប្រពៃណី កម្ម​វី​ធី​សម្តែង​សិល្បៈ ដូចជា ការសម្តែង​ល្ខោនស្បែក​ធំ ល្ខោនបាសាក់​ដែល​សុទ្ធ​តែមាន​សារសំខាន់​សម្រាប់​បង្ហាញ​ជូន​សាធារណជន​ទស្សនា និង​កម្មវិធី​រាប់​បាត​ព្រះសង្ឃ​ផងដែរ​។​

ប្រភព​ដដែល​បន្តថា​មុន​ការ​ប្រារព្វ​ពិធី​នេះ ក៏​នឹង​មានការ​ប្រារព្វ​ពិធី​សាសនា និង​ការសម្តែង​សិល្បៈ ជាពិសេស​ការសម្តែង​ល្ខោនបាសាក់ ឧបត្ថម​គាំទ្រ​ដោយ​វិស័យ​ឯកជន​ផងដែរ នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែធ្នូ​នៅ​បរិវេណ​ប្រាសាទភ្នំបាខែង និង​ទី​លានជល់ដំរី ក្រុង​អង្គរធំ​។​

​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា ពិធី​រំលឹក​គុណ​អង្គរ គ្រោង​នឹង​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ នា​ឆ្នាំ​បន្តបន្ទាប់​ដោយ​យក​ឆ្នាំ​២០២១​នេះ គឺជា​ឆ្នាំ​សាកល្បង ដែល​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​រំលឹក​គុណ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដោយបាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ជាតិ​មាតុភូមិ​តាំងពីដើម​រហូតដល់​ស​ព្វ​ថ្ងៃ ការបង្ហាញ​ពី​ពិធី​បែប​សាសនា​ផ្សេងៗ និង​ការបង្ហាញ​អំពី​សមិទ្ធផល​ការងារ​ជាច្រើន ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ធ្វើ​នាពេល​កន្លងមក​ក្នុងការ​អភិវឌ្ឍន៍​អង្គរ​សម្រាប់​ជនរួមជាតិ​ទាំងមូល​៕