សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អាវរងា ភួយ និងក្រមា ដល់ជនអនាថា ចាស់ជរា ជនវិបល្លាសស្មារតីជាង៤០០នាក់ រស់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ច


ជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេង អ្នកសុំទានតាមស្តុប កំពុងរស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួនជាង៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងយុវនីតិសម្បទា រាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានដូចជា អាវរងា ក្រមា និងភួយ១មកប្រគល់ជូន ខណៈដែលរដូវរងាបានមកដល់។

លោកស្រី សោម សេងហ៊ាង ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះ និងងាយរងគ្រោះ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលទទួលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត មានចំនួន ៤០៨នាក់ (ស្រី ១៨២នាក់) ក្នុងនោះមាន៖ ជនអនាថាចំនួន ២៥២នាក់ (ស្រី៨៦នាក់) ជនចាស់ជរាចំនួន ៣១នាក់ (ស្រី ១៨នាក់) ជនវិបល្លាសសារតី ចំនួន ៨៧នាក់ (ស្រី ៤៨នាក់) ស្រីរកស៊ីផ្លូវភេទ មានចំនួន ១៤នាក់ អ្នកផ្ទុកមេរោគអេដស៍ មានចំនួន ១៥នាក់ (ស្រី ១២នាក់) និងអ្នកកើតជំងឺរបេងចំនួន ៩នាក់ (ស្រី ៤នាក់)។ ដោយក្នុងម្នាក់ៗទទួលបាន អាវរងា១ ក្រមា១និងភួយ១។

លោកស្រី មុំ ចាន់ដានី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅក្នុងមណ្ឌលសំចតសង្គមកិច្ច។ ជាក់ស្តែងសម្រាប់ពេល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យលោកស្រី នាំយកអំណោយរបស់សម្ដេចទាំងពីរ មកប្រគល់ជូនពួកគាត់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នេះ។

លោកស្រីបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង បងប្អូនជនអនាថា ជនចាស់ជរា ជនវិបល្លាសសារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅទីនេះ ត្រូវបានយកចិត្តទុកដាក់ ទាំងការហូបចុក ការស្លៀកពាក់ ការរស់នៅ និងយកចិត្តទុកដាក់ ទៅលើបញ្ហាសុខមាលភាពរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទាំងអស់ ត្រូវបានចាក់សាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៣ រួចរាល់អស់ហើយ។

គិតមកដល់ថ្ងៃនេះ គឺមិនមាន បងប្អូនណាម្នាក់បានឆ្លង ឬស្លាប់ដោយជម្ងឺកូវីដ១៩នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីនៅតែអំពាវនាវអោយបងប្អូនរងគ្រោះ និងងាយរងគ្រោះរស់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នេះ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ទាំងគ្នា ពោលគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន «៣កុំ និង៣ការពារ» របស់សម្ដេចតេជោហ៊ុនសែន។

លោកស្រី មុំ ចាន់ដានី ក៏បានបញ្ជាក់ផងដែរថា បងប្អូនរងគ្រោះ និងងាយរងគ្រោះទាំងជាង៤០០នាក់នេះ ភាគច្រើនពួកគាត់ត្រូវបានក្រុមគ្រួសារ សាច់ញាតិបោះបង់ចោល ហើយត្រូវបានអាជ្ញាធរតាមបណ្ដាខណ្ឌ បញ្ជូនមកមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នេះ ហើយខាងមណ្ឌលក្រោមការណែនាំពីអភិបាលរាជធានីភ្នំពេញ ពួកគាត់ត្រូបបានយកចិត្តទុកដាក់ និងថែទាំបានយ៉ាងល្អ។ ទីនេះហើយជាកន្លែងសុខដុមរមនារបស់ពួកគាត់ មុនត្រូវបញ្ជូនទៅលំនៅដ្ឋានវិញ៕