សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អំណោយមនុស្សធម៌ ជូនពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ៥០គ្រួសារ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន


អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់។

ពិធីប្រគល់អំណោយសមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា និងមានការចូលរួមការចូលរួមពីក្រុមការងារខណ្ឌ-សង្កាត់មួយចំនួនទៀត។

នាឱកាសនោះ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

លោក ថេង សុថុល បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធានតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ លោក ថេង សុថុល បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញាត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយ័ត្នបន្ថែមទៀត សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ» ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ឬត្រូវប្រយ័ត្នបំផុតមេរោគបំប្លែងថ្មី ទាំងអស់គ្នា។

ជាមួយនឹងការផ្សព្វផ្សាយឱ្យការពារពីជំងឺឆ្លងកូវីដ១៩ ហើយនោះលោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូន ពូមីងទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ។

បើតាមលោកលោក សុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ១បាវ ទម្ងន់២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ម៉ាស់ ១០សន្លឹក និងថវិកា ២០,០០០រៀល៕